ប៉ូលិសប្រើពេលមួយយប់បំបែកហើយក្រុមខ្លាំងប្រចាំក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកអស់រយៈពេល១យប់នគរបាលក្រុងតាខ្មៅធ្វើការបង្ក្រាប និងបំបែកសម្បុកឆក់យ៉ាងសកម្មនៅក្រុងតាខ្មៅក្របួចបានជនសង្ស័យ៣នាក់ ។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅយប់ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ដោយឡែកថ្ងៃហេតុការណ៌ដំបូងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២និង៥២នាទី ចំណុចផ្លូវលេខ២១Aភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ តិច សុជា ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរវេលុយ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទី១ឈ្មោះ ម៉ែន ម៉ានូ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករទឹកសុទ្ធ, ទី២-ឈ្មោះ សោ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារករណីឆក់កាបូប (ឃាត់ខ្លួន) និងទី៣-ឈ្មោះ រី ណាងហួ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។

លោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា នៅវេលា និងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូគុបមូលចេញពីផ្ទះដើម្បីដឹកចៅទៅរៀននៅសាលាសុវណ្ណភូមិដូចសព្វដង ។ លុះជិះមកដល់ចំណុចផ្លូវកែងលាងរថយន្ត ភូមិព្រែកសំរោង ក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូដេញតាម រួចឆក់កាបូបពីជនរងគ្រោះបណ្តាលអោយជនរងគ្រោះដួលម៉ូតូបាក់ជើងខាងឆ្វេង ។ ចំណែកជនសង្ស័យពេលធ្វើសកម្មភាពរួច ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅចំណែកជនរងគ្រោះវិញត្រូវបានកូនដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចយើងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាជនសង្ស័យ៣នាក់ខាងលើ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីយប់ ក៏បានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាន។

តាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះ សោ ភារម្យ ខ្លួននិងបក្ខពួក២នាក់ទៀតឈ្មោះ ម៉ែន ម៉ានូ និងឈ្មោះ រីណាង ហួ ពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើប្រាកដមែនដោយខ្លួនជាអ្នកបើកម៉ូតូ ។ ឈ្មោះ ម៉ែន ម៉ានូ ជាអ្នកធ្វើសកម្មភាពឆក់ រីឯឈ្មោះ រីណាង ហួ ជាអ្នកផ្តល់មធ្យោបាយអោយជិះឆក់(ម៉ូតូ Honda C110 ផ្លាកលេខ ភ្នំពេញ 1BD-5383) ហើយនៅពេលឆក់កាបូបបានហើយចែកលុយគ្នាបានម្នាក់ជាង៥០ម៉ឺនរៀល ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ https://kohsantepheapdaily.com.kh/