ប្រកាសបទឈប់បាញ់គ្នាមួយ នៅលីប៊ី
ប្រទេសលីប៊ី ៖ បុរសខ្លាំងភាគខាងកើតលីប៊ីសេនាប្រមុខខាលីហ្វាហាហ្វតា ប្រកាសនាថ្ងៃទី១១មករា ពីបទឈប់បាញ់គ្នាក្រោយរយៈពេលច្រើនខែនៃការប្រយុទ្ធគ្នា ដើម្បីដណ្ដើមត្រួតត្រារដ្ឋធានីទ្រីប៉ូលី បន្ទាប់ពីការអំពាវនាវឲ្យមានបែបនេះពីសំណាក់ក្រុងមូស្គូនិងក្រុងអង់ការ៉ា។
ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីននិងសមភាគីតួកគីលោករីស៊ីបតៃយ៉ីបអ័រដូហ្គាន ដែលជាតួអង្គគន្លឹះនៃជម្លោះនោះ បានអំពាវនាវកាលពីថ្ងៃទី៨មករា ឲ្យមានបទឈប់បាញ់គ្នា ចាប់ពីថ្ងៃទី១២មករាម៉ោងសូន្យម៉ោងក្នុងស្រុកទៅ។ ចំណែកសេនាប្រមុខហាហ្វតាពីដំបូងបានបដិសេធហើយគ្រោងបន្តការវាយលុករបស់ខ្លួន។
ប៉ុន្តែទីបំផុតកងកម្លាំងរបស់លោកប្រកាសនាថ្ងៃទី១១មករា ទទួលយកបទឈប់បាញ់គ្នានេះ តែដោយព្រមានក្នុងសេចក្ដីប្រកាសខ្លីមូយថា ខ្លួននឹងតបតវិញយ៉ាងម៉ឺងម៉ាត់បំផុតក្នុងករណីខាងគូសត្រូវរំលោភបំពានបទឈប់បាញ់គ្នា។
មុនការប្រកាសរបស់សេនាប្រមុខហាហ្វតា លោកពូទីននិងអធិការបតីអាល្លឺម៉ង់ លោកស្រីអេនចឺឡាម័រកែល បានជួបគ្នានាថ្ងៃទី១១មករានៅក្រុងមូស្គូ ក្នុងឋានៈជាអាជ្ញាកណ្ដាលក្នុងជម្លោះនេះនៅលីប៊ី ដែលក្រុងប៊ែរឡាំងសង្ស័យថាអាចក្លាយជាស៊ីរីទី២៕
ប្រភព៖ https://kohsantepheapdaily.com.kh/