ប្រជាពលរដ្ឋ១៥០គ្រួសារ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ទទួលបានកញ្ចប់អាហារស្រាយបួស ពីមូលនិធិ Diyanet នៃប្រទេសទួរគី

(ពោធិ៍សាត់)៖ ឯកឧត្ដម រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដែលទទួលបានពីមូលនិធិ Diyanet ប្រទេសទួរគី តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ១៥០គ្រួសារក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅឯបរិវេណវិហារក្នុងភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក Yahya Uyar តំណាងអង្គការមូលនិធិ Diyanet បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកប្រធានមូលនិធិ និងបានសម្ដែងនូវក្តីសោមនស្សរីករាយ ជាមួយនិងការថ្លែងអំណរគុណ និងកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។

ឯកឧត្ដម រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់មូលនិធិ Diyanet ប្រទេសទួរគី ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ក្នុងឱកាសនៃខែបួសរ៉ាម៉ាឌន ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។

ក្នុងឱកាសនេះ ឯកឧត្តម ក៏បានរំលឹកនូវសមិទ្ធផលជាច្រើនដែលសហគមន៍ឥស្លាមទទួលបានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សាសនិកឥស្លាមមានឱកាសដើម្បីបានចូលបម្រើការងារជូនរដ្ឋ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ គ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំយុវជន និងកីឡា។ ស្ត្រីឥស្លាម អាចពាក់ហ៊ីចាប(ពាក់ក្រមាបិទបាំងសក់) ចូលសិក្សានៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការបំពេញការងារនៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល។ល។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនាសម្រាប់ការថតរូបឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងលិខិតរដ្ឋបាលផ្សេងៗតាមតម្រូវការ។

មុននឹងបញ្ចប់ ឯកឧត្តមក៏បានរំលឹកដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពខ្លួនឯង ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។

គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការ ខាងលើសម្រាប់មួយគ្រួសារ អង្ករ ១០ គីឡូក្រាម, ផ្លែល្មើ ១ គីឡូក្រាម, សណ្ដែកបាយ ២ គីឡូក្រាម, ត្រីខ ២ កំប៉ុង, ប្រេងឆា ៤លីត្រ, ស្ករស ២គីឡូក្រាម និងអំបិល ២ គីឡូក្រាម៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online