ប្រតិបត្តិការបង្ក្រាប ក្រុមជនសង្ស័យជាមុខសញ្ញាដែលតែងធ្វើសកម្មភាពឆក់ជាសកម្មនិងអ្នកបិទគូថ
ភ្នំពេញ: កម្លាំងនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅយប់ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានបើកប្រតិបត្តិការបង្ក្រាប ក្រុមជនសង្ស័យជាមុខសញ្ញាដែលតែងធ្វើសកម្មភាពឆក់ជាសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ចំនួន៤នាក់ នៅខណ្ឌចំការមន។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។




លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ផែន តុង អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (អ្នកឆក់), ទី២៖ឈ្មោះ សុខ ចំរើន អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ (អ្នកឌុប), ទី៣៖ឈ្មោះ ហេង យីហុង អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូពេញ (អ្នកបិទគូថ) និងទី៤៖ឈ្មោះ អៀង សុភារីន ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២១អឺ០ ផ្លូវលេខ២៣ សង្កាត់ជ័យជំនេះ ខណ្ឌដូពេញ។
ក្រុមជនសង្ស័យទាំងអស់នេះ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបជនបរទេស ឈ្មោះ SUZUKI YUKIKO ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅសណ្នាគារ EMOIN ផ្លូវលេខ១៩២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខ RA0011251 កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លូនជនសង្ស័យ៤នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕