ប្រតិបត្តិការក្តៅ ចុះបង្ក្រាបមុខសញ្ញាយ៉ាងសកម្មក្នុងភូមិកោះអន្លង់ចិន
ខេត្តកណ្តាល ៖ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកដែលមានក្រុមអន្តរាគមន៍ពិសេសរហស្សនាម ក្រុមស្រមោចរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងដឹកនាំដោយលោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិកោះអន្លង់ចិនបានម្នាក់ រួមនឹងថ្នាំញៀនជិត២០កញ្ចប់ធំតូច និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិកោះអន្លង់ចិន សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ជិត សុផន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះអន្លង់ចិន សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា កំលាំងអន្តរាគមន៍ពិសេសរហស្សនាមក្រុមស្រមោច បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ រួមជាមួយនឹងប៉ុស្តិ៍កោះអន្លង់ចិនបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចកើតហេតុខាងលើមានការជួញដូរគ្រឿងញៀន ទើបកំលាំងសមត្ថកិច្ចក៏ចេញទៅដល់កន្លែងកើតហេតុភ្លាម និងឃើញជនសង្ស័យកំពុងតែជួញដូរគ្រឿងញៀនក៏ចាប់ឃាត់ខ្លួនរួមនឹងថ្នាំញៀនចំនួន១៤កញ្ចប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យម្នាក់ខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់នៅត្រើយម្ខាងឈ្មោះខ្លែង។

ក្រោយពេលកើតហេតុ ជនសង្ស័យ ព្រមទាំវត្ថុតាងត្រូវបានយកមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)


អត្ថបទ៖ https://kohsantepheapdaily.com.kh/