ប្រតិបត្តិការក្តៅ ត្រឹម១យប់បំបែកសម្បុកក្រុមចោរយ៉ាងសកម្ម
ខេត្តកណ្តាល ៖ ក្នុងប្រតិបត្តិការដ៏ក្តៅគគុកអស់រយៈពេល១យប់ នគរបាលក្រុងតាខ្មៅដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ លោកអធិការរងទទួលផែនព្រហ្មទណ្ឌ ជាមួយកម្លាំងអន្តរាគមន៍រហ័សនាមក្រុមស្រមោច សហការជាមួយប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ និងមានការចូលរួមពីលោកមេភូមិ មេឃុំ បានចុះធ្វើការបង្ក្រាប និងបំបែកសម្បុកក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងក្រុងតាខ្មៅ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។

ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះធ្វើឡើងកាលពីយប់ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ជនរងគ្រោះឈ្មោះ តិច សុជា ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរវេលុយ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ ម៉ែន ម៉ានូ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករទឹកសុទ្ធ ២-ឈ្មោះ សោ ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារករណីឆក់កាបូប) និង៣-ឈ្មោះ រី ណាងហួ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា កាលពីវេលាម៉ោង១២និង៥២នាទីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២១A ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ស្ត្រីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកគុបមូល ចេញពីផ្ទះដើម្បីដឹកចៅទៅរៀននៅសាលាឯកជនដូចសព្វដង។ លុះជិះមកដល់ចំណុចផ្លូវកែងលាងរថយន្ត ភូមិព្រែកសំរោង ក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូដេញតាម រួចឆក់កាបូបពីជនរងគ្រោះបណ្តាលអោយជនរងគ្រោះដួលម៉ូតូបាក់ជើងខាងឆ្វេង។

តាមប្រភពដដែលបាបបន្តថា ចំណែកជនសង្ស័យពេលធ្វើសកម្មភាពរួច ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះវិញត្រូវបានកូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាជនសង្ស័យ៣នាក់ខាងលើ នៅវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក៏បានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាន។

តាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះសោ ភារម្យ បានឱ្យដឹងថា ខ្លួននិងបក្ខពួក២នាក់ទៀតឈ្មោះម៉ែន ម៉ានូ និងឈ្មោះរីណាងហួ ពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើប្រាកដមែន ដោយខ្លួនជាអ្នកបើកម៉ូតូ ហើយឈ្មោះម៉ែន ម៉ានូ ជាអ្នកធ្វើសកម្មភាពឆក់ រីឯឈ្មោះរីណាងហួ ជាអ្នកផ្តល់មធ្យោបាយអោយជិះឆក់ (ម៉ូតូម៉ាកហុងដា ពាក់ផ្លាកលេខ ភ្នំពេញ ១BD-៥៣៨៣) ហើយនៅពេលឆក់កាបូបបានហើយចែកលុយគ្នាបានម្នាក់ជាង៥០ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ https://kohsantepheapdaily.com.kh/