ប្រតិភូអន្តរជាតិជាង ១៣០នាក់បាន និងកំពុងធ្វើដំណើរចូលមកកម្ពុជា ដើម្បីចូលរួមបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេនាខែធ្នូនេះ  

ក្រសួងទេសចរណ៍បានអោយដឹងថា ប្រតិភូអន្តរជាតិរហូតដល់ជាង១៣០នាក់ មកពី២១ប្រទេសជុំវិញពិភពលោកបាននិងកំពុងធ្វើដំណើរចូលមកកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

របាយការណ៍នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗទាំង២ខាងលើ ដែលធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (តាមវីដេអូzoom) ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ផ្ទាល់) ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានរាយការណ៍ថា គិតត្រឹមថ្ងៃទី៧ ខែធ្នូនេះ ប្រតិភូអន្តរជាតិដែលបញ្ជាក់ (Confirmed) ពីការធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះ គឺកើនឡើងរហូតដល់ជាង១៣០នាក់ហើយ។

ឯកឧត្តម ជុក ជំនោរ បានបន្តថា ប្រតិភូអន្តរជាតិទាំងនោះគឺតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក(នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។ ក្រៅពីនេះក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត រួមមានមកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។

ឯកឧត្តម ជុក ជំនោរ បានបន្តទៀតថា «ការណ៍ដែលមានប្រតិភូអន្តរជាតិចូលរួមច្រើនយ៉ាងដូច្នេះ ដោយសារថ្នាក់ដឹកនាំនិងប្រតិភូតំណាងឆ្នេរសមុទ្រទាំងនោះមើលឃើញពីការខិតខំរៀបចំរបស់កម្ពុជា បូករួមទាំងស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល និងគ្រប់គ្រងបានយ៉ាងច្បាស់លាស់»។

កម្ពុជាក៏គ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើទៅកាន់គោលដៅទីក្រុងនៅភ្នំពេញនិងព្រះសីហនុ គោលដៅឆ្នេរសមុទ្រ បណ្ដាកោះល្បីៗ សហគមន៍អេកូទេសចរណ៍ពាមក្រសោបនៅខេត្តកោះកុង ព្រមទាំងសកម្មភាពជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «នៅខេត្តតំបន់ឆ្នេរ គឺជាគោលដៅស័ក្តិសមបំផុតសម្រាប់ទទួលវត្តមានភ្ញៀវទេសចរនៅរដូវក្ដៅនេះ ខណៈកម្ពុជាក៏បានរៀបចំសោភ័ណភាពទីក្រុង ឆ្នេរសមុទ្រ កោះ ហេដ្ឋារចនាសម្ពន្ធក្នុងក្រុង ផ្លូវល្បឿនលឿន និងសេវាកម្មទេសចរណ៍នានារួចជាស្រេចក្នុងការស្វាគមន៍វត្តមានភ្ញៀវទេសចរទាំងនោះ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការផ្សារភ្ជាប់សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ គឺរឹតតែពិសេសសម្រាប់ការបង្ហាញទៅកាន់ភ្ញៀវអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរក្រៅស្រុកឱ្យបានឃើញពីផលិតផលទេសចរណ៍នៅខេត្តតំបន់ឆ្នេរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

ឯកឧត្តមអភិបាលខេត្ត គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការដែលពាក់ព័ន្ធ គឺបានបង្ហាពីការសហការរៀបចំកិច្ចការងារទាំងឡាយក្នុងការប្រារព្ធពិធីបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក៕

ប្រភព៖ ក្រសួងទេសចរណ៍