ប្រទេស ៤០ នៅ​អាហ្រ្វិក​​​​អះអាង​​ថា មាន​ករណី​ឆ្លង​​​កូវីដ ​១៩​ ​ចំនួន ១ ១១៤ នាក់​

ក្រុង​​អាដឌីស ​អាបាបា៖ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​អាហ្វ្រិក ​(Africa CDC) បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ចំនួន​នៃ​ករណី​កូវីដ ​១៩ ​នៅ​ទូទាំង​ទ្វីប​អាហ្រ្វិក​​បាន​ឡើង​ដល់ ​១ ១១៤ ​ករណី​ ខណៈ​ប្រទេស​អាហ្វ្រិក​ចំនួន ​៤០​ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​នេះ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍។​​

លោក ​អាម៉េដ ​អូវ៉ែល​ អនុប្រធាន ​CDC ​​អាហ្វ្រិក​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ស៊ីនហួ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា ​ប្រទេស​អាហ្វ្រិក​​ចំនួន ​៤០ ​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​កូវីដ ​១៩ ​ចំនួន ​១ ១១៤ ​នាក់ ​ខណៈ​​ចំនួន​អ្នក​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​នេះ ​បាន​ឡើង​ដល់ ​២៨ ​នាក់​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​ក្នុង​រយៈពេល​នេះ​។ ​

យោង​តាម​អនុប្រធាន ​CDC បាន​ឲ្យ​ដឹង​ថា​ ចំនួន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​អះអាង​នោះ ​គឺ​ករណី​ឆ្លង​ថ្មី​ជិត ​១០០ ​ករណី ​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​ប្រទេស​អាហ្វ្រិក​ចំនួន ​៣៩​ បាន​រាយការណ៍​ករណី​ឆ្លង​ចំនួន ​១ ០២១ ​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ ​ដោយ​បាន​ធ្វើ​កំណត់ត្រា​ករណី​ថ្មី​ប្រហែល ​៩៣ ​ករណី ​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍​។ ​​

ដោយ​ទទួល​បាន​ចំនួន​អ្នក​ស្លាប់​ថ្មី ៥ ​នាក់ ​ដោយសារ​ការ​រាតត្បាត​កូវីដ ​១៩ ​ពី ​CDC ​​អាហ្វ្រិក​​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​​​ថែម​លើ​ចំនួន​អ្នក​ស្លាប់ ​​២៣ ​នាក់​មុន​នោះ​ ដូច្នេះ​ធ្វើ​ឲ្យ​ចំនួន​ស្លាប់​សរុប ​បាន​ឡើង​ដល់ ​២៨ ​នាក់ គិត​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍។​​​​

លោក ​អូវ៉ែល ​ក៏​បាន​បញ្ជាក់​ថា​ទ្វីប​​អាហ្រ្វិក​ស្ថិត​ក្នុង​ដំណាក់កាល​ផ្ទុះ​កូវីដ ​១៩ ​ដំបូង​ ខណៈ​លោក​​សង្កត់​ធ្ងន់​ថា​ អត្រា​នៃ​ការ​រាតត្បាត​នៃ​កូវីដ ​១៩ ​នៅ​អាហ្វ្រិក​ត្រូវ​ការ​ ​«វិធានការ​ឆាប់​រហ័ស​» ​ដើម្បី​បញ្ឈប់​ការ​រាល​ដាល​ជំងឺ​នេះ​៕

អត្ថបទ៖ https://www.postkhmer.com/