ប្រទះឃើញលាក់ក្នុងរន្ធឈើ សង្ស័យជារបស់ពួកព្រានព្រៃ
ខេត្តមណ្ឌលគិរី ៖ កាំភ្លើងអាកាស្វាយបត់មួយដើមត្រូវបានប្រជាពលរដ្ឋប្រទះឃើញគេលាក់ទុកនៅក្នុងរន្ធឈើមួយកណ្តាលព្រៃ សង្ស័យជាកាំភ្លើងពួកព្រានព្រៃចង្រៃយកទៅប្លុងចោល ឬលាក់ទុកប្រើព្រោះមិនហ៊ានកាន់ជាប់តាមខ្លួន ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ មករា ហើយបានយកទៅប្រគល់ជូនសមត្ថកិច្ចនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩ និង១០នាទីព្រឹក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា អនុប្រធានភូមិពូហ៊ូង ឃុំចុងផ្លាស់ បានយកកាំភ្លើងមួយដើម ម៉ាកអាកាស្វាយបត់ លេខ១៦០៦២៧ ដែលឈ្មោះ អ្យុយ ខាំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា បានប្រទះឃើញនៅរន្ឋដើមស្រឡៅជិតដើមជ័ររបស់ខ្លួន ខណៈដើរដងជ័រទឹកនៅចំណុចព្រៃណាំហាំង ។
ក្រោយឈ្មោះ អ្យុយ ខាំ បានប្រទះឃើញកាំភ្លើងខាងលើក៏បានយកទៅប្រគល់ឲ្យអនុប្រធានភូមិពូហ៊ូង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង១៥នាទីយប់ ។ លុះព្រឹកថ្ងៃទី២២ មករា ឆ្នាំ២០២០ លោកអនុប្រធានភូមិពូហ៊ូង បានយកកាំភ្លើងនោះមកប្រគល់ជូនសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ដើម្បីរក្សាទុក ។
ការលាក់អាវុធបែបនេះច្រើនតែជនខិលខូច ដែលទុកសម្រាប់ប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាធ្វើសកម្មភាពប្លន់ឬបរបាញ់សត្វព្រៃ ។ និយាយពិតត្រង់ទៅប្រទេសដែលឆ្លងកាត់សង្គ្រាមយូរឆ្នាំមិនខ្វះទេកាំភ្លើងបន្សល់ទុកគ្រប់ទីកន្លែង សូម្បីតែការប្រើប្រាស់ខ្លះគ្មានទាំងច្បាប់ថែមទៀតផង ៕

ប្រភព៖ https://kohsantepheapdaily.com.kh/