ប្រធានខេមរសហព័ន្ធយូដូ ប្តេជ្ញាជំរុញការអភិវឌ្ឍសម្រាប់អាណត្តិថ្មី ២០២១-២០២៥

CAMSOC-ភ្នំពេញ៖ លោក ហេង លី ប្រធានខេមរសហព័ន្ធយូដូ បានប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តជំរុញការអភិវឌ្ឍវិស័យកីឡាយូដូ ឲ្យបានកាន់តែល្អប្រសើរ និងឲ្យមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាខិតខំរៀបចំផ្ទៃក្នុងគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ឲ្យបានល្អប្រសើរទៀតផង។

នេះជាការប្តេជ្ញាចិត្តរបស់លោក នៅក្នុងឱកាសជាប់ឆ្នោតជាថ្មីបន្តដឹកនាំជាប្រធាន ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៧ ពីឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២១ដល់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក ហេង លី បានបង្ហាញនូវក្តីរីករាយ ដែលសមាជិកនានា បានផ្តល់ការគាំទ្របោះឆ្នោតគាំទ្រដល់លោក បន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត។ ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ក្នុងការបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តពង្រឹង និងពង្រីកខេមរសហព័ន្ធយូដូ ឲ្យកាន់តែមានបរិមាណ និងគុណភាព ក្នុងការផលិតធនធានកីឡាករ កីឡាការិនី ក៏ដូចជាពង្រីកក្លិបកីឡាយូដូនានា ឲ្យកាន់តែសម្បូរបែបបន្ថែមទៀត។

សមាសភាពនៃគណៈកម្មាធិការប្រតិបត្តិថ្មី មានចំនួន ១៣រូប តាមរយៈការអនុម័តផ្តល់សេចក្តីទុកចិត្តដោយការលើកដៃ ដែលក្នុងនោះ លោក ហេង លី ប្រធានអាណត្តិចាស់ទទួលបានការគាំទ្រ ឲ្យបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី អមដោយអនុប្រធាន លោក ឌៀប វណ្ណឌី លោក នុត ហ៊ួន និងលោក Emmanuel Dias និងអគ្គលេខាធិការ លោក តេង ច័ន្ទគរុរដ្ឋា និងសមាជិកមួយចំនួនទៀត។

លោក ឌៀប វណ្ឌី អនុប្រធានខេមរសហព័ន្ធយូដូ បានបង្ហាញសកម្មភាពការងារអភិវឌ្ឍវិស័យកីឡាយូដូ ក្នុងរយៈពេលពេញ១អាណត្តិទី៧កន្លងមក ដោយសហព័ន្ធទទួលបានថវិកាគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា ៣ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០១៩-២០២០ និងឆ្នាំ២០២១ ក្នុង១ឆ្នាំ ៦០លានរៀល។ ក្នុងចំនួនថវិកាគាំទ្រនេះ គឺបានប្រើប្រាស់២០% លើផ្នែករដ្ឋបាល ៣៥% ប្រើប្រាស់លើវគ្គបណ្តុះបណ្តាលធនធាន និង៤៥% ប្រើប្រាស់លើការប្រកួតជើងឯកថ្នាក់ជាតិ។ ជាមួយគ្នានោះ លោក ឌៀប វណ្ឌី បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តផ្តល់ថវិកាគាំទ្រ ដើម្បីជួយបណ្តុះបណ្តាលធនធានគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងស្នើបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីធានាគុណភាព និងបទពិសោធន៍បច្ចេកទេសថ្នាក់ជាតិ អន្តរជាតិ ដើម្បីត្រៀមចូលរួមរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

សូមបញ្ជាក់ថា មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះ ទទួលបានការចូលរួមជាសក្ខីភាពពីលោក ទុយ វិច្ឆិកា តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ឯម ហៀង តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online