ប្រធានគណៈគ្រូពេទ្យជាតិ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្រូពេទ្យណាដែលមិនបានចុះបញ្ជីការ

ឯកឧត្តមវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិ បានមានប្រសាសន៍ថា ការចុះបញ្ជីការនៅក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តពិតជាចាំបាច់ណាស់ ដើម្បីឲ្យយើងដឹងថា តើគ្រូពេទ្យទាំងនោះមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការព្យាបាលអ្នកជំងឺឬអត់? ដោយឡែកចំពោះគ្រូពេទ្យទាំងឡាយណា ដែលមិនបានចុះបញ្ជីការ ហើយបន្តលួចលាក់ព្យាបាលអ្នកជំងឺនោះមានន័យថា ខុសច្បាប់ ដូច្នេះគណៈគ្រូពេទ្យខេត្តសៀមរាប ត្រូវចុះស្រង់បញ្ជីគ្រូពេទ្យទាំងនោះ រួចបញ្ជូនមកមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលខេត្ត និងគណៈគ្រូពេទ្យជាតិ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១២ នៅខេត្តសៀមរាប តាមប្រព័ន្ធZoom នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ។

ក្នុងឱកាសនោះដែរឯកឧត្តមវេជ្ជបណ្ឌិត ធា គ្រុយ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហភាតរទាំងអស់ ដែលពុះពារជម្នះបញ្ហាប្រឈម និងការលំបាកជាច្រើន ក្នុងការបំពេញភារកិច្ច នាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងភាពងាយស្រួលស្វែងរកសេវាពិនិត្យ ព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ ប៉ុន្តែដើម្បីឱ្យការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ និងអ្នកស្វែងរកសេវាព្យាបាលឱ្យបានប្រសើរ និងប្រកបដោយគុណភាព ត្រូវមានកត្តាជាច្រើនរួមបញ្ចូលគ្នា ក្នុងនោះមានកត្តាពីរដែលចាំបាច់ គឺសមត្ថភាពបច្ចេកទេស និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលជាកត្ដាដែលមិនអាចខ្វះបានឡើយ ។

ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍បន្តថា ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹង និងបង្កើនការពិនិត្យតាមដាននូវអ្វីដែលកើតឡើងថ្មី និងប្រែប្រួលពាក់ពន្ឋ័ទៅនឹងវិស័យសុខាភិបាល ហើយជាក្រមសីលធម៌សមាជិកគណៈគ្រូពេទ្យទាំងអស់ ត្រូវមានកាតព្វកិច្ចយកវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួន ទៅធ្វើការបណ្តុះបណ្តាលបន្តជូនដល់គ្រូពេទ្យនៅតាមបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តផ្សេងៗទៀតទាំងអស់ ហេតុនេះចំពោះគ្រូពេទ្យទាំងអស់ បើចង់បន្តវិជ្ជាជីវៈជាគ្រូពេទ្យនៃមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្តណាមួយ ត្រូវមានកាតព្វកិច្ចចុះបញ្ជីជាសមាជិកគណៈគ្រូពេទ្យជាដាច់ខាត ហើយបើមិនបានចុះបញ្ជីជាសមាជិកគណៈគ្រូពេទ្យទេ មិនអនុញ្ញាតឲ្យពិនិត្យ ព្យាបាលជំងឺ ឬបើកកន្លែងប្រកបរបរវេជ្ជសាស្ត្របានដែរ ។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះខេត្តសៀមរាប មានគ្រូពេទ្យជាជនជាតិខ្មែរចំនួន៥៧៤នាក់ និងគ្រូពេទ្យជនជាតិបរទេសចំនួន៩៨នាក់ បានចុះបញ្ជីការ ខណៈគ្រូពេទ្យចំនួន៨៧នាក់ទៀត មិនទាន់បានមកបន្តបញ្ជីការរបស់ខ្លួននៅឡើយ ដូច្នេះសូមសំណូមពរគ្រូពេទ្យដែលមិនទាន់ចុះបញ្ជីការ សូមប្រញាប់រួសរាន់ទៅចុះឈ្មោះ ដើម្បីឱ្យស្របទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៃព្រះរាជាណចក្រកម្ពុជា និងសំណូមពរដល់សមាជិកគណៈគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់មកបន្តសុពលភាពប្រចាំឆ្នាំឱ្យបានទៀងទាត់ ចៀសវាងបម្រើការដោយគ្មានសុពលភាព (បាត់បង់សមាជិកភាព) ដែលអាចជួបនូវផលវិបាក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online