ប្រធានពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាសមាជិក DMDI នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេច Hj Mohd Ali Bin Mohd Rustam អភិបាលរដ្ឋ Melaka នៃប្រទេសម៉ាឡេស៊ី និងជាប្រធានពិភពឥស្លាម ពិភពម៉ាឡាយូ (DMDI) នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ពិភពឥស្លាម ពិភពម៉ាឡាយូនៃកម្ពុជា។

ពិធិនេះដែរបានធ្វើឡើងនៅស្នាក់ការលេខាធិការដ្ឋានពិភពឥស្លាម ពិភពម៉ាឡាយូ នៃកម្ពុជា ដោយទទួលបដិសណ្ឋារកិច្ចដោយ​ឯកឧត្តមបណ្ឌិត​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន​ DMDI និងជាប្រធាន DMDI ប្រចាំកម្ពុជា។

លើកឡើងនាឱកាសនោះ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាម DMDI កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូប្រធាន DMDI ម៉ាឡេស៊ី និងបានបញ្ជាក់ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាជាមួយប្រទេសជាសមាជិក សំដៅជំរុញការលើកកម្ពស់វិស័យនានា តបតាមចក្ខុវិស័យរួមរបស់ DMDI។

សម្តេច Mohd Ali បានបញ្ជាក់ថា DMDI ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០០ ដែលមានសមាជិក ២២ប្រទេស ក្នុងនោះក៏បានបញ្ចូលកម្ពុជា ជាសមាជិកកាលពីឆ្នាំ២០១២ គោលបំណងរបស់ DMDI គឺដើម្បីផ្សាភ្ជាប់ទំនាក់ទំនង លើកកម្ពស់ការរួបរួម និងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមជនភៀសខ្លួនម៉ាឡេ-មូស្លិមក្នុងពិភពលោក ដើម្បីជំរុញវឌ្ឍនភាព និងការអភិវឌ្ឍលើវិស័យដូចជា៖ ការអប់រំ សេដ្ឋកិច្ច សិល្បៈ វប្បធម៌ និងកីឡា។

លោកបានបញ្ជាក់ទៀតថា ដើម្បីលើកកម្ពស់ភាសាម៉ាឡេក្នុងប្រទេសជាសមាជិក DMDI លោកក៏បានលើកទឹកចិត្តលេខាធិការដ្ឋាន DMDI នៅកម្ពុជាបង្កើតឱ្យមាន កម្មវិធីសន្ទនា និងសិក្សាភាសាម៉ាឡេ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ហើយបានសម្រេចផ្តល់បដិភាគជូនក្រុមការងារនូវថវិកា ១០ពាន់រិញហ្គិត ជារៀងរាល់ឆ្នាំផងដែរ។ ជាមួយគ្នានេះ DMDI ម៉ាឡេស៊ី ក៏កំពុងពិនិត្យលទ្ធភាពបង្កើតគម្រោងមនុស្សធម៌នានានៅកម្ពុជា តាមរយៈដៃគូររបស់ខ្លួននៅកម្ពុជា រួមមាន៖ គម្រោងអភិវឌ្ឍន៍វិស័យអប់រំ សេដ្ឋកិច្ច សុខាភិបាល និងវិស័យចាំបាច់នានាជាច្រើនទៀត។

សូមបញ្ជាក់ថា DMDI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ដើម្បីសាមគ្គីភាព ក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃការអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងទៀត ក្នុងពិភពលោក។ នៅឆ្នាំ២០១២ DMDI ក៏បានបង្កើតលេខាធិការដ្ឋានរបស់ខ្លួន នៅកម្ពុជា ដែលមានទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាប្រធាន។

សម្រាប់កម្ពុជា តាមរយៈមូលនិធិ DMDI យើងទទួលបានអាហារូបករណ៍សិស្ស និស្សិតបន្តការសិក្សា នៅតាមសកលវិទ្យាល័យ នៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្សធម៌ ដូចជាកសាងវិហារ សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស គម្ពីរអាល់គួរអាន និងជំនួយគ្រោះធម្មជាតិជាដើម។

សមាជិកពិភពម៉ាឡាយូពិភពឥស្លាម (DMDI) មាន២២ប្រទេស ក្នុងនោះរួមមាន កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី, ចិន, ឥណ្ឌូនេស៊ី, អារ៉ាប៊ីសាអ៊ូឌីត, ប្រ៊ុយណេ, ហ្វីលីពីន, ទីម័រ, អង់គ្លេស, ម៉ាដាហ្គាស្កា, អូស្ត្រាលី, អាហ្វ្រិកខាងត្បូង, អេហ្ស៊ីប, បូស្នីហ្ស៊េហ្គោវីណា, ហូឡង់, ម៉ាល់ឌីវ, បង់ក្លាដែស, កាណាដា, ស៊ូរីណាម និងស្រីលង្កា។

គួររំលឹកផងដែរថា កាលពីព្រឹកមិញនេះ​ សម្តេច Hj Mohd Ali Bin Mohd Rustam ក៏បានទស្សនកិច្ចនៅភូមិ ព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយក្នុងឱកាសទស្សនកិច្ចនោះ លោកបានឧបត្ថម្ភថវិកាសម្រាប់កុមារកំព្រាប្រមាណ ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៥០០០រៀល និងឧបត្ថម្ភជូនគណកម្មការ វិហារឥស្លាម អាល់ អាស៊ីម ចំនួន ១ ០០០ដុល្លារផងដែរ។

បន្ទាប់ពីនោះលោកបានបន្តទស្សនកិច្ច នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានឧបត្ថម្ភថវិកាជូនកុមារកំព្រាចំនួន ៩០នាក់ផ្សេងទៀត ក្នុងម្នាក់ៗ ទទួលបាន ៥០០០រៀល និងបានឧបត្ថម្ភជូន ផ្ទះអេមីរ៉ាតសម្រាប់កុមារកំព្រាកម្ពុជា ចំនួន ១ ០០០ ដុល្លារផងដែរ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online