ប្រធានមន្ទីរ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ស្នើឲ្យភោជនីយដ្ឋានមួយរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ពុះជា២ធ្វើពីស្នោ ក្នុងរយៈពេល៣ថ្ងៃ

កំពង់ចាម: ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២០ យោងតាមលិខិតរបស់ប្រធានមន្ទីរ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ស្តីពីសំណើរសុំធ្វើការរុះរើរូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យ ដែលធ្វើឡើងអំពីស្នោហើយពុះតួប៉មប្រាសាទញ៉ែកចេញជាពីរចំណែក ដែលមានទីតាំងនៅក្នុងភោជនីយដ្ឋាន ស្មៅទន្លេ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានឲ្យដឹងថា៖

ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងការិយាល័យនគរបាលបេតិកភណ្ឌខេត្តកំពង់ចាម បានចុះត្រួតពិនិត្យឃើញថា រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ដែលបានដាក់តាំងនៅភោជីយដ្ឋានស្មៅទន្លេ ជាប្រភេទរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ មានសណ្ឋានខុសនឹងទម្រង់ទ្រុងទ្រាយដើម រចនាបថខ្មែរ ដោយយកគំរូតួប៉មប្រាសាទនគរបាជ័យ មកពុះញ៉ែកចេញជាពីរចំណែក។ ហេតុដូចនេះមន្ទីរស្នើអោយម្ចាស់ភោជនីយដ្ឋានធ្វើការសហការយ៉ាងម៉ឺងម៉ាត់ក្នុងន័យការពារថែរក្សា អភិរក្ស និងលើកតម្កើនសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិឲ្យមានភាព ឧត្តុងឧត្តម និងជាកេរ្តិ៍តំណែលរបស់ជាតិ ដោយរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យនេះទាំងស្រុងក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃជម្រាបជូននេះ៕