ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង រិះគន់​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី 

ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បាន​រិះគន់​ការ​ដាក់​ទណ្ឌកម្ម​នានា​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​សង្គ្រាម​ដែល​រុស្ស៊ី​បាន​បង្ក​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ថា​ជា​បង្ក​ «ផល​វិបាក​ដល់​ភាគី​គ្រប់​គ្នា»។ លោក ស៊ី ជីនពីង បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ​មួយ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​អធិការ​បតី​អាល្លឺម៉ង់​លោក Olaf Scholz។

ចិន​គាំទ្រ​រុស្ស៊ី​នៅ​ក្នុង​ការ​បន្ទោស​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ ថា​បាន​ញុះញង់​ឲ្យ​មាន​ជម្លោះ​នេះ​ឡើង​។ ចិន​បាន​ធ្វើ​អនុប្បវាទ​នៅ​ក្នុង​ការ​បោះឆ្នោត​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ថ្កោលទោស​​រុស្ស៊ី​សម្រាប់​ការ​ឈ្លានពាន​នៅ​អ៊ុយក្រែន​។

នៅ​ក្នុង​សេចក្តី​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ អ្នក​ផ្សាយ​ព័ត៌មាន​ CCTV របស់​រដ្ឋាភិបាល​ចិន បាន​ថ្លែង​ថា លោក​ប្រធានាធិបតី ស៊ី ជីនពីង​ បាន​បង្ហាញ «ភាព​តានតឹង​ក្នុង​ចិត្ត និង​ភាព​ឈឺចាប់​ដ៏​ជ្រាលជ្រៅ​» លើ​ការ​ប្រយុទ្ធ​គ្នា​ដែល​កំពុង​កើត​មាន​ឡើង​ ហើយ​បាន​ជំរុញ​ឲ្យ​ភាគ​ទាំង​ពីរ គឺ​រុស្ស៊ី​និង​អ៊ុយក្រែន ​ចរចា​គ្នា​ដើម្បី​សន្តិភាព ហើយ​ថា ចិន​មាន​ឆន្ទៈ​ដើរ​តួនាទី​នៅ​ក្នុង​កិច្ច​ចរចា​ដើម្បី​សន្តិភាព​នេះ។

លោក ស៊ី ជីនពីង មិន​បាន​ផ្តល់​តម្រុយ​ថា​តើ​ចិន​នឹង​នាំ​យក​នូវ​ដំណោះស្រាយ​អ្វី​នោះ​ទេ ហើយ​អ្វី​ដែល​លោក​បាន​លើក​ឡើង​ គឺ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។

លោក ស៊ី ជីនពីង ត្រូវបាន​ដក​ស្រង់​សម្តី​ថា៖ «យើង​ចង់​ធ្វើការ​ទៅ​មុខ​ជាមួយ​គ្នា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​វិបត្តិ​នេះ។ ទាក់ទិន​នឹង​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​សាកល​លោក ធនធាន​ថាមពល ស្ថិរភាព​ក្នុង​ការ​ដឹក​ជញ្ជូន​និង​ចរន្ត​ផ្គត់ផ្គង់​ទំនិញ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​បាន​រង​ផល​ប៉ះពាល់​រួច​ទៅ​ហើយ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ១៩នោះ វា​បង្ក​ផល​វិបាក​ដល់​ភាគី​គ្រប់​គ្នា»៕

ប្រភព÷ VOA