ប្រធានក្លឹប PSG រងការចោទទាក់ទងនឹងការសូកប៉ាន់ទៅ អតីតអ្នកដឹកនាំ FIFA
លោក Nasser Al Khelaifi ប្រធានក្លឹប Paris Saint Germain ត្រូវបានការិយាល័យមេធាវីរបស់ប្រទេសស្វីសចោទប្រកាន់ទាក់ទងនឹងការសូកសំណូកទៅកាន់លោក Jerome Valke អតីតអគ្គលេខាធិការដ្ឋាន FIFA កាលពីឆ្នាំ ២០១៣ដល់ ២០១៥។
បើយោងតាមការប្រកាសរបស់ ការិយាល័យមេធាវីខាងលើនេះ បានបញ្ជាក់ថាប្រធានក្លឹបបារាំងនេះ សូកប៉ាន់ទៅលោក Jerome Valke ដើម្បីប្រើប្រាស់សិទ្ធិចាក់ផ្សាយរបស់ FIFA ឲ្យហួសព្រំដែនកំណត់ក្នុងព្រឹត្តិការណ៍ World Cup និងការប្រកួត Confeferation Cup នៅឆ្នាំ ២០១៨និងឆ្នាំ ២០៣០។
រីឯអតីតអគ្គលេខាធិការដ្ឋាន FIFA រូបនេះវិញ ត្រូវបានការិយាល័យមេធាវីដដែលនេះ ចោទប្រកាន់ពីបទទទួលសំណូក ទាក់ទងនឹងទទួល លុយពីលោក Khelaifi ចំនួន ៣លើកជាទឹកប្រាក់សរុបជាង ១.៣ លានដុល្លារ ដោយយកជាសម្បត្តិផ្ទាល់ខ្លួនហើយមិនបានរាយការណ៍រឿងនេះទៅកាន់ស្ថាប័ន FIFA ។
ជាលទ្ធផលក្នុងរឿងក្ដីខាងលើនេះ លោក Khelaifi រងការចោទប្រកាន់ទាក់ទងនឹងបទសូកសំណូក និងលោក Valke ត្រូវរងការដកចេញពីតំណែងនិងមិនឲ្យបម្រើក្នុងវិស័យបាល់ទាត់ ១២ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦មកទាក់ទងនឹងករណីទទួលសំណូកនេះ និងប្រព្រឹត្តិបទល្មើសនានាមួយចំនួន។
គួរបញ្ជាក់ផងដែរថា ក្រៅពីមានតំណែងជាប្រធានក្លឹប Paris Saint Germain លោក Nasser Al Khelaifi ក៏មានតួនាទីជាប្រធានប៉ុស្តិ៍ទូរទស្សន៍ beIN Sports ផងដែរ៕
ប្រភព៖ Goal ប្រែសម្រួល៖ http://news.sabay.com.kh/