ប្រធានរដ្ឋឡាវ ៖ បញ្ហាគ្រឿងញៀនឆ្លងដែន និងជួញដូរខុសច្បាប់ទាមទារសមត្ថកិច្ចកម្ពុជា-ឡាវសហការគ្នា
រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋឡាវបានបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀនឆ្លងដែនខុសច្បាប់នោះទាមទារឲ្យសមត្ថកិច្ចទាំងពីរប្រទេសសហការគ្នា ។ ក្នុងជំនួបជាពិភាក្សាជាមួយសម្តេច សេនាវិបុល ភក្តីសាយ ឈុំប្រធានរដ្ឋសភា នារសៀលថ្ងៃទី៩ កុម្ភៈនេះ លោក ប៊ុន ញាំង វរជិត ( Bounnahang vorachith) ប្រធានរដ្ឋនៃសាធារណៈប្រជាធិបតេយ្យឡាវបានលើកឡើងថា កាលពីពេលកន្លងទៅនេះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ ជាពិសេសវិស័យអប់រំ វប្បធម៌ ការពារជាតិ ការពារសន្តិសុខ សាធារណៈ ក៏ដូចជាបញ្ហាព្រំដែន ។

លោកប្រធានរដ្ឋ បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានការរីកចម្រើនជានិច្ច ។ ចំពោះបញ្ហាព្រំដែន ប្រធានរដ្ឋ បានគាំទ្រការដោះស្រាយរួមគ្នារបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ។ កាលពីពេលថ្មីៗនេះនាយករដ្ឋមន្ត្រីឡាវក៏បានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយភាគីទាំងពីរក៏បានលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង ។

លោកប្រធានរដ្ឋបានរម្លឹកថា ប្រទេសឡាវ និងប្រទេសកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីបុរាណកាលមក ។ លោកបានបញ្ជាក់ និងអះអាងថា ៖«ប្រទេសទាំងពីរជានិច្ចជាកាលតែងតែរួមគ្នាថែរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ។ ទោះបីជាប្រទេសទាំងពីរជួបឧបសគ្គយ៉ាងណាក៏ដោយក៏ប្រទេសទាំងពីរបានខិតខំ ដើម្បីសុខដុមរមនាសម្រាប់ជីវភាពរស់របស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ។ ប្រទេសទាំងពីររួមគ្នាថែរក្សាការពារព្រំដែនឱ្យមានសន្តិសុខ ដើម្បីឱ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ» ។
លោកបានសង្កត់ធ្ងន់ថា៖«បញ្ហាប្រឈម និងបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការជួញដូរខុសច្បាប់ ទាមទារឱ្យសមត្ថកិច្ចនៃប្រទេសទាំងពីរត្រូវខិតខំសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងអំពើខុសច្បាប់នេះ» ។ ជាមួយគ្នានោះដែរ លោកប្រធានរដ្ឋឡាវក៏បានលើកឡើងថាប្រទេសឡាវបានលក់អគ្គិសនីឱ្យប្រទេសកម្ពុជាចំនួន១៩៥ មេហ្គាវ៉ាត់ ហើយបើតាមផែនការប្រទេសកម្ពុជាត្រូវការអគ្គិសនីចំនួន ៣.០០០ មេហ្គាវ៉ាត់បន្ថែមទៀតនៅឆ្នាំ២០៣០ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសំណូមពរសម្តេចប្រធានព្រឹទ្ធសភា ជួយជំរុញឱ្យប្រទេសទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចគ្នា ក៏ដូចជាការសហការគ្នាទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀត ដើម្បីបង្កើនការយោគយល់គ្នា។ ក្នុងជំនួបនិះដែរសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោម ប៊ុនញ៉ាំង វរជិត និងសូមអរគុណលោកជំទាវប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចផ្ទាល់ ។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ និងសូមចាត់ទុកទស្សនកិច្ចនេះជាទស្សនកិច្ចប្រវត្តិសាស្ត្រដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ ។ សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសឡាវបានភ្ជាប់ទំនាក់ទំនងការទូតក្រោមស្នាព្រះហស្ថរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំឡាវជំនាន់មុន ។ ប្រជាជននៃប្រទេសទាំងពីរធ្លាប់មានប្រវត្តិតស៊ូ ពុះពារឆ្លងកាត់ឧបសគ្គ លំបាក និងជួយគ្នាទៅវិញទៅមក ។ ប្រជាជននៃប្រទេសទាំងពីរមានប្រពៃណីស្រឡាញ់រាប់អានគ្នានៃប្រទេសទាំងពីរ ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍ ប្រកបដោយមោទនភាព វិបុលភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកថែរក្សាសុខសុវត្ថិភាព នៅក្នុងតំបន់ និងអន្តរជាតិ ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលការធ្វើខណ្ឌសីមា និងបោះបង្គោល ព្រំដែនបានរួចរាល់ចំនួន៨៦%នៃខ្សែព្រំដែនរួម នៅសល់១៤%ទៀត ប្រទេសទាំងពីរបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយ ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/