ប្រមុខការទូតកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវបានលើកទៅពេលក្រោយទៀត

ភ្នំពេញ៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវបានលើកទៅពេលក្រោយទៀត ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ប្រមុខការទូតកម្ពុជា បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ថា កិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវបានលើកទៅពេលក្រោយ ដោយសារមេដឹកនាំអាស៊ានខ្លះ មិនអាចប្រជុំតាមពេលវេលាស្នើឡើង ។

សូមរំលឹកដែរថា ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា តាមការគ្រោងទុក កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ត្រូវបានសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបានលើកពេលជាង១ខែ។

ទោះជាយ៉ាងនេះក្តី មេដឹកនាំអាស៊ានមួយចំនួន មិនទាន់ឯកភាពនឹងពេលវេលា ដែលប្រកាសដោយសហរដ្ឋអាមេរិកនៅឡើយទេ និងមិនទាន់អាចកំណត់ពេលវេលា នៃការប្រជុំដែរ ។ ទោះយ៉ាងណា សម្ដេចសង្ឃឹមថា អាស៊ាន-អាមេរិក នឹងរកបានពេលវេលាសមស្រប ដើម្បីរៀបចំកិច្ចប្រជុំខែ ប៉ុន្តែបើក្នុងឧសភា-មិថុនា សម្តេច នឹងមិនអាចចាកចេញពីប្រទេសបានទេ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online