ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ចំពោះកំណើននៃការឆ្លងវីរុស Covid-19 ឡើងវិញ

លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ចំពោះកំណើននៃការឆ្លងវីរុស Covid-19 ប្រចាំថ្ងៃនៅទូទាំងពិភពលោក នៅតែបន្តកើនឡើងខ្ពស់ជាលំដាប់ ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំនេះ វីរុស Covid-19 បានសម្លាប់មនុស្សថ្មីអស់ចំនួន ៦,៥៨៩នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន ២៦២,៥៥៩នាក់ ដែលនេះបើយោងតាម CNN ។

ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែរ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ ប្រចាំថ្ងៃច្រើនជាងគេលើពិភពលោក គឺចំនួន ១,៣២២នាក់ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ ប្រចាំថ្ងៃចំនួន ១,២៩១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ៩១៩នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សូមបញ្ជាក់ជូនថា កំណើនមនុស្សស្លាប់សរុប ដោយសារវីរុស Covid-19 បានកើនឡើងដល់ជាង ៧១ម៉ឺននាក់ហើយ គឺចំនួន ៧១០,០៣៨នាក់ និងកំណើនមនុស្សឆ្លងវីរុសនេះ សរុបបានកើនឡើងដល់ជិត ១៩លាននាក់ គឺចំនួន ១៨,៩៥៦,៦៣២នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ជាង ១២លាននាក់ដែរ គឺចំនួន ១២,១៤១,៧៤៨នាក់ នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ៕