ប្រមុខ WHO រិះគន់ប្រទេសនានា ជុំវិញការរឹតបន្តឹងលើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ដោយសារព្រួយបារម្ភពីវីរុសបំប្លែងថ្មី អូមីក្រុង

ហ្សឺណែវ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានរិះគន់ធ្ងន់ៗចំពោះប្រទេសទាំងឡាយណា ដែលបានដាក់ការររឹតត្បិត និងហាមឃាត់ទៅលើអ្នកដំណើរពីតំបន់អាហ្វ្រិកខាងត្បូង ចំពោះមុខស្ថានការណ៍បន្ទាន់ បង្កឡើងដោយវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង។

លោក ថេដ្រូស បាននិយាយថា យើងនៅតែមានការខកចិត្ត ដែលប្រទេសមួយចំនួននៅតែបន្តបិទជើងហោះហើរត្រង់ពីអាហ្វ្រិកខាងត្បូង ដោយសារវីរុសបំប្លែងថ្មី អូមីក្រុង។ លោកបន្ថែមថា ការគោរពគឺត្រូវបានផ្តល់ចំពោះក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងបណ្តាប្រទេសអាហ្វ្រិក ក៏ដូចជាតម្លាភាព និងការចែករំលែករបស់ពួកគេ រួមទាំងទិន្នន័យដែលទាក់ទងនឹងវីរុស អូមីក្រុង ដែលជាវីរុសនៅក្នុងការព្រួយបារម្ភ។ នេះគឺជាការជួយធានាដល់ពិភពលោក ដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង។

មេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានប្រកាសរកឃើញមុខគេ កាលពីចុងខែវិច្ឆិកា ដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង ហើយភ្លាមៗត្រូវបាន WHO កំណត់ថា ជាវីរុសស្ថិតក្នុងក្តីព្រួយបារម្ភ។ ប៉ុន្តែមកទល់ពេលនេះ WHO នៅតែមិនទាន់អាចកំណត់បាននៅឡើយទេ អំពីឥទ្ធិពលពិតប្រាកដរបស់វីរុស អូមីក្រុង ខណៈក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសអាហ្វ្រិកខាងត្បូង និងអឺរ៉ុបជាដើមធ្លាប់បានអះអាងថា វាជាវីរុសបំប្លែងថ្មីដែលមានសមត្ថភាពចម្លងលឿនរហ័សជាងវីរុស Delta ឆ្ងាយ។ ប៉ុន្តែគេក៏មិនទាន់ឃើញមានករណីស្លាប់ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មីនេះ នៅឡើយដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online