ប្រវត្តិសង្គ្រាមចិន-ឥណ្ឌា និងភាពរឹងប៉ឹងរបស់អរិយធម៌ចិន

ខាងក្រោមនេះ គឺជាអត្ថបទខ្លីស្ដីពីប្រវត្តិសង្គ្រាមរវាងមហាយក្សចំនួន ២ដែលមានទំហំប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក គឺចិន និងឥណ្ឌា ព្រមទាំងភាពរឹងប៉ឹងនៃអរិយធម៌របស់ប្រទេសចិន។ អត្ថបទនេះ ក្រុមការងារយើងបានប្រែសម្រួលពីសៀវភៅរបស់លោក ហិនរី គីសិនជ័រ (Henry Kissinger) អតីតរដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ដែលមានចំណងជើងថា៖ «អំពីប្រទេសចិន (On China)»។ នៅខាងចុងភាសាខ្មែរ ក្រុមការងារយើងក៏បានភ្ជាប់នូវអត្ថបទដើមជាភាសាអង់គ្លេសដើម្បីអោយប្រិយមិត្តផ្ទៀងផ្ទាត់ និងរៀនសូត្របន្ថែម។

នៅខែតុលា ឆ្នាំ១៩៦២ មេដឹកនាំបដិវត្តន៍ចិនលោក ម៉ៅ សេទុង (Mao Zedong) បានកោះហៅមេបញ្ជាការផ្នែកទ័ព និងផ្នែកនយោបាយកំពូលៗរបស់លោកអោយមកជួបជាមួយលោកនៅក្រុងប៉េកាំង។ នៅចម្ងាយ ២ពាន់ម៉ាយ (៣ ២១៨គីឡូម៉ែត) ទៅទិសខាងលិច ក្នុងតំបន់ដែលពិបាករស់នៅ និងមានប្រជាជនតិចតួចនោះ កងទ័ពចិន និងកងទ័ពឥណ្ឌាកំពុងជាប់ក្នុងការប្រឈមមុខគ្នាអំពីព្រំដែនដែលមានជម្លោះរវាងប្រទេសទាំងពីរ។ ជម្លោះនោះកើតឡើងដោយសារការនិទានផ្សេងគ្នានៃប្រវត្តិសាស្ត្រ៖ ឥណ្ឌាទាមទារព្រំដែនកំណត់ក្នុងសម័យត្រួតត្រារបស់អង់គ្លេស រីឯចិនយកព្រំដែនចិនសម័យចក្រភព។ ឥណ្ឌាបានពង្រាយប៉ុស្តិ៍យាមដល់ចុងព្រំដែនតាមការគិតរបស់ខ្លួន រីឯចិនឡោមព័ទ្ធទីតាំងរបស់ឥណ្ឌា។ ការប៉ុនប៉ងចរចាដោះស្រាយរឿងដែនដីត្រូវបរាជ័យ។

លោកម៉ៅ សេទុង បានសម្រេចចិត្តបំបែកភាពជាប់គាំងនេះ។ គាត់គិតដល់ប្រពៃណីចិនសម័យបុរាណ ដែលបើកុំតែមានរឿងអញ្ចឹង វាជាចំណុចដែលគាត់កំពុងបំបាត់វាចោលហើយ។ លោកម៉ៅ សេទុង បានប្រាប់មេបញ្ជាការរបស់លោកថា ចិន និងឥណ្ឌាធ្លាប់បានធ្វើសង្គ្រាមនឹងគ្នា«ចំនួនមួយដងកន្លះ»រួចមកហើយ។ ទីក្រុងប៉េកាំងអាចដកបទពិសោធប្រតិបត្តិការទ័ពចេញពីរាល់សង្គ្រាមទាំងនេះ។ សង្គ្រាមលើកទីមួយបានកើតឡើងនៅ ១៣០០ឆ្នាំមុន ក្នុងរាជវង្សថាង (Tang Dynasty) ពេលដែលចិនបញ្ជូនទ័ពទៅផ្ដល់ជំនួយដល់នគរឥណ្ឌាមួយដើម្បីតតាំងនឹងគូប្រជែងដែលខុសច្បាប់ និងមានលក្ខណៈឈ្លានពាន។ បន្ទាប់ពីអន្តរាគមន៍របស់ចិន ប្រទេសទាំងពីរបានរីករាយនូវការទាក់ទងគ្នាផ្នែកសាសនា និងសេដ្ឋកិច្ចដែលរីកស្គុសស្គាយអស់រាប់សតវត្សរ៍។ ដូចដែលម៉ៅ សេទុង បានពិពណ៌នាព្រឹត្តិការណ៍នោះ មេរៀនដែលរៀនសូត្របានពីប្រតិបត្តិការទ័ពសម័យបុរាណនោះ គឺថា ចិន និងឥណ្ឌាមិនមែនត្រូវតែធ្លាក់ក្នុងភាពជាសត្រូវយូរអង្វែងទេ។ ប្រទេសទាំងពីរអាចរីករាយនឹងសន្តិភាពយូរអង្វែងម្ដងទៀតបាន ប៉ុន្តែដើម្បីសម្រេចវាបាន ចិនត្រូវតែប្រើកម្លាំង«ខោក»ឥណ្ឌា«អោយចូលតុចរចាវិញ»។ ក្នុងគំនិតលោកម៉ៅ សេទុង «សង្គ្រាមកន្លះដង»ទៀត បានកើតឡើងនៅ ៧០០ឆ្នាំក្រោយពីនោះ គឺនៅពេលដែលមេដឹកនាំម៉ុងហ្គោលឈ្មោះ ទីមើលេន (Timurlane) បានវាយលុកលុយទីក្រុងដេលី។ (លោកម៉ៅ សេទុង គិតឃើញថា ដោយសារ ម៉ុងហ្គោល និងចិននាសម័យនោះគឺជាដែននយោបាយតែមួយ ព្រឹត្តិការណ៍នោះគឺជាសង្គ្រាមចិន-ឥណ្ឌាចំនួន«កន្លះ»ដង)។ [កាលនោះ] លោកទីមើលេន ទទួលជោគជ័យយ៉ាងធំធេង ប៉ុន្តែពេលដល់ក្នុងទឹកដីឥណ្ឌា ទ័ពរបស់គាត់បានសម្លាប់ឈ្លើយសឹកចំនួន ១០ម៉ឺននាក់។ នៅលើកនេះ លោកម៉ៅ សេទុង ដាក់បញ្ជាអោយទ័ពចិនរបស់លោក«អត់ធ្មត់ និងប្រកាន់វិន័យ»។

គ្មាននរណាម្នាក់ក្នុងអង្គប្រជុំជាមួយលោកម៉ៅ សេទុង (មេដឹកនាំបក្សកុម្មុយនីសនៃ«ចិនថ្មី»សម័យបដិវត្តន៍ ដែលប្រកាសបំណងរបស់ខ្លួនក្នុងការកែប្រែលំដាប់លំដោយអន្តរជាតិ និងបោះបង់អតីតកាលបែបសក្ដិភូមិរបស់ចិនផ្ទាល់) ទំនងជាឆ្ងល់ពីភាពទាក់ទងគ្នារវាងព្រឹត្តិការណ៍ដើមនៅសម័យបុរាណទៅនឹងកិច្ចបន្ទាន់ជាយុទ្ធសាស្ត្រនៅសម័យបច្ចុប្បន្នទេ។ ការរៀបផែនការដើម្បីវាយប្រហារត្រូវបានបន្តដោយផ្អែកលើគោលការណ៍ដែលលោកម៉ៅ សេទុង បានលាតត្រដាង។ ប៉ុន្មានសប្ដាហ៍ក្រោយមក ការវាយប្រហារកើតឡើងដូចអ្វីដែលគាត់បរិយាយយ៉ាងខ្លាំង នោះគឺ ចិនបើកការវាយប្រហារមួយព្រឹប ដែលបង្កការខូចខាត ទៅលើទីតាំងរបស់ឥណ្ឌា ហើយពេលនោះក៏ដកថយវិញទៅកាន់ខ្សែបន្ទាត់ត្រួតត្រាដើម ហើយថែមទាំងឈានទៅដល់ការប្រគល់អាវុធធុនធ្ងន់របស់ឥណ្ឌាដែលចាប់បានអោយត្រឡប់វិញទៀតផង។ គ្មានករណីនៅប្រទេសណាផ្សេងដែលគេអាចស្រមៃដល់ទេថា មានមេដឹកនាំសម័យទំនើបនឹងរៀបចំជំហានថ្នាក់ជាតិដ៏ធំធេងមួយតាមរយៈការរំលឹកដល់គោលការណ៍យុទ្ធសាស្ត្រពីព្រឹត្តិការណ៍ដែលមានអាយុ ១ពាន់ឆ្នាំ ហើយក៏គ្មានមេដឹកនាំដែលអាចរំពឹងយ៉ាងមានទំនុកចិត្តថាសហការីរបស់គាត់នឹងយល់ពីសារៈសំខាន់នៃការរំលឹករបស់គាត់ដែរ។ ប៉ុន្តែចិន គឺជាករណីពិសេស។ គ្មានប្រទេសណាផ្សេងដែលអាចអួតអាងពីអរិយធម៌ជាប់មិនដាច់យូរលង់ដូចនោះទេ ហើយក៏មិនអាចអួតអាងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតកាលសម័យដើម និងក្បួនយុទ្ធសាស្ត្រ និងក្បួនដឹកនាំរដ្ឋបែបបុរាណរបស់ខ្លួនបែបនោះដែរ។

សង្គមដទៃ ដែលរួមមានទាំងសហរដ្ឋអាមេរិកផងនោះ បានអួតអាងអំពីការអាចអនុវត្តជាសាកលបាននូវតម្លៃ និងស្ថាប័នរបស់ខ្លួន។ ប៉ុន្តែនៅតែគ្មានប្រទេសណាស្មើចិនក្នុងការតស៊ូ (ហើយបញ្ចុះបញ្ចូលប្រទេសជិតខាងខ្លួនអោយព្រមទទួល) ក្នុងគំនិតដ៏ខ្ពង់ខ្ពស់មួយអំពីតួនាទីរបស់ខ្លួនក្នុងពិភពលោកអស់រយៈពេលដ៏យូរ និងក្នុងខណៈដែលមានការប្រែប្រួលនានាក្នុងប្រវត្តិសាស្ត្រ។ តាំងពីការងើបឡើងរបស់រដ្ឋចិនដែលឯកភាពមួយនៅសតវត្សរ៍ទី៣ មុនគ.ស. រហូតដល់ការដួលរលំរបស់រាជវង្សឆេង (Qing Dynasty) នៅឆ្នាំ១៩១២ ចិនបានឈរនៅចំកណ្ដាលប្រព័ន្ធអន្តរជាតិក្នុងតំបន់អាស៊ីបូព៌ាប្រកបដោយភាពឋិតថេរយ៉ាងហំហាន។ អធិរាជចិនត្រូវបានគេគិត (និងត្រូវបានទទួលស្គាល់ដោយប្រទេសជិតខាងខ្លួនភាគច្រើន) ថាជាកំពូលនៃលំដាប់នយោបាយសាកលលោក ដោយមានមេដឹកនាំនៃរដ្ឋផ្សេងទៀតទាំងអស់ដើរតួក្នុងគោលគារណ៍ជាអ្នករណប។ ភាសា វប្បធម៌ និងស្ថាប័ននយោបាយរបស់ចិន គឺជាគោលនៃអរិយធម៌ រហូតដល់សូម្បីតែគូប្រជែងក្នុងតំបន់ និងពួកលេបត្របាក់បរទេសក៏បានប្រកាន់យកចំណុចទាំងនេះក្នុងកម្រិតណាមួយ ដើម្បីបានសញ្ញានៃភាពស្របច្បាប់របស់ខ្លួន (ដែលជាញឹកញាប់វាជាជំហានដំបូងមុននឹងត្រូវលេបដោយសង្គមចិន)។

លំដាប់ឋានៈជាប្រពៃណីនេះនៅឋិតថេរទោះបីជាមានមហន្តរាយ និងការអន់ថយផ្នែកនយោបាយអស់រាប់សតវត្សរ៍ក្ដី។ ទោះបីជាពេលចិនខ្សោយ ឬបែកបាក់ ភាពសំខាន់របស់ចិននៅតែជាគន្លឹះនៃភាពស្របច្បាប់ក្នុងតំបន់។ អ្នកមានមហិច្ឆិតា ទាំងជនជាតិចិន និងជនបរទេស ប្រជែងគ្នាដើម្បីបង្រួបបង្រួម ឬត្រួតត្រាចិន ហើយក៏គ្រប់គ្រងចេញពីរាជធានីរបស់ចិនដោយគ្មានកែកុនចំណុចគោលដែលថាចិនគឺជាមជ្ឈមណ្ឌលនៃចក្រវាឡនោះទេ។ នៅខណៈដែលប្រទេសផ្សេងត្រូវបានដាក់ឈ្មោះទៅតាមឈ្មោះជនជាតិ ឬចំណុចគោលនៃភូមិសាស្ត្រនោះ ចិនវិញបានហៅខ្លួនឯងថា ឆុងគួ (zhongguo) ដែលមានន័យថា «នគរកណ្ដាល (Middle Kingdom)» ឬ«ប្រទេសកណ្ដាល (Central Country)»។ ការចង់ស្វែងយល់ពីការទូតសតវត្សរ៍ទី២០ និងតួនាទីក្នុងពិភពលោកនៅសតវត្សរ៍ទី២១ របស់ចិនត្រូវតែចាប់ផ្ដើម (ទោះបីជាត្រូវខូចខាតដោយសារការកាត់ខ្លីយ៉ាងធំធេងក្ដី) ដោយការរាប់បញ្ចូលជាមូលដ្ឋាននូវបរិបទបែបប្រពៃណីនេះ។