ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡង​ជាប់និទ្ទេសA

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ព្រមទាំង​ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវ​ធ្វើឡើង​នៅសាលសន្និសីទ និងពិព័រណ៍​ជ្រោយចង្វារ ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖

– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងជួបសិស្សនិទ្ទេសA នេះ គ្រោងធ្វើតាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្លេះ តែដោយសារស្ថានភាពពេលនោះ មិនអំណោយផល នៃការឆ្លងរាតត្បាតខ្លាំង ជំងឺកូវីដ-១៩ទើបយើងបានលើកជាបន្តបន្ទាប់មកទល់នឹងពេលនេះ។

– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងជួបជាមួយសិស្សនិទ្ទេសAជារៀងរាល់ឆ្នាំ បើគ្មានការរំខានពីស្ថានភាព ដែលយើងមិនអាចគ្រប់គ្រងបានទេនោះ ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរជាមួយសិស្សប្រឡងជាប់បាក់ឌុប មិនសំដៅតែនិទ្ទេសAនោះទេ និងសម្តែងការសោកស្តាយជាមួយសិស្ស​ដែលមិនបាន​ប្រឡងជាប់ឌុប ជាពេលវេលាមួយ ដែលយើងអាចប្រឹងប្រែងរៀនសូត្រឡើងវិញ និងការបើកផ្លូវរបស់រដ្ឋ ដើម្បីសិក្សាសាលាបច្ចេកទេស ឬបរិញ្ញាបត្ររងជាដើម។

-សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្ងប់ស្ងែងចំពោះសិស្សដែលបានប្រឡងជាប់និទ្ទេសA ដែលមានចំនួនយ៉ាងច្រើន ខណៈសាលារៀនបានបិទនូវទូទាំងប្រទេស​ដោយសារ​បញ្ហាមេរោគ​កូវីដ១៩នោះ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសសោកស្តាយចំពោះពេលវេលាកន្លងមក ដែលរដ្ឋបានបិទ​សាលា​មួយរយៈពេល ដែលជាពេលវេលាដ៏អាក្រក់បំផុត ហើយរដ្ឋត្រូវតែដាក់​ចេញវិធាន​ការបិទ​សាលា​ដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ-១៩ សង្គ្រោះជីវិតសិស្ស។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលៈទេសៈ នៃការបិទសាលាពេលនោះ គឺសិស្សានុសិស្ស​មិនទាន់បានទទួលវ៉ាក់សាំងមួយដំណក់ណាឡើយ ហើយសម្តេចក៏បានប្រកាស​នៅពេលនេះដាក់សិស្សានុសិស្សទាំងអស់ចូលទៅក្នុងដំណើរការអាទិភាព«នៃការទទួលបានវ៉ាក់សាំងកូវីដ-១៩»។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងការកោតសរសើរចំពោះមាតាបិតា និងអាណាព្យាបាលសិស្ស ដែលបានគ្រប់គ្រងកូនបានយ៉ាងល្អ ក្នុងដំណាក់កាល នៃការរៀនសូត្រក្នុងស្ថានភាពកូវីដ-១៩ រហូតដល់កូនៗទាំងនោះ ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ នៃការប្រឡងបាក់ឌុប។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសអបអរសាទរ និងកោតសរសើរដល់អាជ្ញាធរខេត្តនីមួយៗ ដែលបានជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់​សិស្សនិទ្ទេសA​នៅមូលដ្ឋានរបស់ខ្លួន ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដ៏ល្អ និងជួយជំរុញដល់​វិស័យអប់រំ​សិក្សាធិការរបស់ជាតិ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តមានការជ្រើសរើសគ្រូបង្រៀន និងគ្រូពេទ្យ ដើម្បីបំពេញតម្រូវការរបស់សង្គមមិនអាចខ្វះបាន ខណៈដែលវិស័យផ្សេងៗ​ទៀតបាន​ផ្អាកក្នុង​ការជ្រើសរើសបុគ្គលិក-មន្ត្រីមួយរយៈពេល។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរ និងមានមោទនភាព ដល់ទីវត្តអារាម ដែលតែងផ្តល់ការស្នាក់ដល់សិស្ស-និស្សិត មកបន្តការសិក្សានៅរាជធានីភ្នំពេញ និងតាមគ្រឹះស្ថាន​ឧត្តមសិក្សាផ្សេងៗ​ទៀតទូទាំងប្រទេស ខណៈដែលសម្តេច និងឪពុករបស់សម្តេច ក៏ជាអ្នកស្នាក់នៅទីវត្តអារាមដើម្បីបន្តការសិក្សា និងបួសរៀនផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយស្រក់ទឹកភ្នែកក្នុងពេល​សម្តេច​ទស្សនកិច្ច​នៅ​ប្រទេសជប៉ុន ខណៈដែលមានអ្នកចម្រៀងជប៉ុនម្នាក់បានច្រៀងបទចម្រៀង អមដោយ​រូបភាពកម្ពុជាពីអតីតកាល ដែលធ្វើឱ្យសម្តេចនឹកស្រណោះយ៉ាងខ្លាំង ហើយបទចម្រៀងនោះ នឹងមានការសម្របសម្រួលផ្តល់ជូនកម្ពុជាតាមរយៈផ្លូវទូត។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រេកអរ និងមានមោទកភាពយ៉ាងខ្លាំង ចំពោះ​ការ​សប្បាយ​រីករាយរបស់ប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបានកន្លងផុតទៅថ្មីៗនេះ ដែលជាពេលវេលាយើងត្រូវចងចាំ និងជាអ្វីដែល​រដ្ឋបានផ្តល់​ជូន​ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នូវសុខសុវត្ថិភាពពីកូវីដ-១៩។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសពីសារៈសំខាន់ និងផលប្រយោជន៍ ដែលបានមកពី​កត្តា​សុខសន្តិភាព ដែលជាកត្តាចម្រងមិនអាចកាត់ថ្លែបាន និងជាការចាប់ផ្តើមនូវរាល់អ្វីៗទាំងអស់។ «បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ សូម្បីតែអាយុជីវិត»។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្តែងមោទនភាព​យ៉ាងខ្លាំងចំពោះ​ដំណើរការ​ចាក់​វ៉ាកសាំងកូវីដ-១៩នៅកម្ពុជា ដែលជាដំណើរចាក់ដោយជោគជ័យបំផុត ហើយវ៉ាក់សាំងនេះ​ចាក់ដោយគ្មានរើសអើងពូជសាសន៍ ពណ៌សំបុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការការជួយអន្តរគមន៍ឱ្យក្មេងស្រីម្នាក់(កញ្ញា មាន ពេជ្ររីតា-ជានិស្សិត) ដែលមានជម្លោះស្នេហាជាមួយឧកញ៉ាម្នាក់(ឧកញ៉ា ហេង សៀ )​កាលពីកន្លងទៅ បាននៅក្រៅឃុំ ដែលជាកិច្ចខំប្រឹងប្រែង ដើម្បីជួយពលរដ្ឋពីរឿង​អយុត្តិធម៌​បំផុត។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅអ្នករិះគន់សម្តេចថា «បើអ្នកជាតិរច្ឆាន កុំយក​ខ្ញុំឱ្យទៅតិរច្ឆានជាមួយ ការជួយពលរដ្ឋមិនមែនជារឿងតូចតាចទេ»។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើឧកញ៉ានោះ(ឧកញ៉ា ហេង សៀ) មិនព្រម​បោះបង់​គំនិតព្យាបាទ និងជួលមនុស្សឱ្យធ្វើសកម្មភាពនិយាយតិរច្ឆានចំពោះរឿងនោះទេ សម្តេចនឹងយកសារសំឡេង និងឃ្លីបវីដេអូឆ្លើយឆ្លង និងអ្នកពាក់ព័ន្ធ​(ឧកញ៉ា៥នាក់ទៀត​ពាក់ព័ន្ធ) ទៅផ្សព្វផ្សាយជាសាធារណៈតាមកញ្ចក់ទូរទស្សន៍តែម្តង។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយឆ្នាំ១៩៩៨ កម្ពុជាបានទទួលពន្លឺ នៃសុខសន្តិភាព ដែលជាចំណុចនៃ វឌ្ឍនភាពកម្ពុជាមកទល់ពេលបច្ចុប្បន្ននេះ។

-សម្តេចបញ្ជាក់ថា សុខសន្តិភាព និងការបញ្ចប់ កម្ពុជាមួយមានតំបន់ត្រួតត្រាច្រើន គឺជាឱកាស នៃដំណើរការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការកើតឡើងនៃអគារសាលារៀន ដែលមិនត្រឹមតែ​បម្រើ​ឱ្យវិស័យអប់រំមួយមុខនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានចំណាយថវិកាប្រមាណ​៤០០លាន​ដុល្លារអាមេរិក ដើម្បីពង្រាយសាលារៀនគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស រាប់ទាំងតំបន់​អតីត​សមរភូមិប្រយុទ្ធផងដែរ ដោយសម្តេចបញ្ជាក់ថា ពីមុនមនុស្សរត់សាលារៀន ដោយសារ​យើងមាន​សាលារៀនតិច តែពេលនេះសាលារត់រកមនុស្សទៅវិញ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកទឹកចិត្តឱ្យមានការធ្វើកំណែទម្រង់ និងទំនើបកម្ម​វិស័យអប់រំ សិក្សាធិការ ជាបន្តបន្ទាប់ ដោយគ្មានឈប់ឈរ ដើម្បីដើរឱ្យទាន់​សាកលភាវូបនីកម្ម​វិស័យអប់រំទូទាំងពិភពលោក ដោយសម្តេចចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាព សម្រាប់​បង្កើត​ធនធានមនុស្សរបស់ជាតិ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសទៅដល់អ្នកមិនយល់ទាំងឡាយ ដែលបានរិះគន់សម្តេច​ចំពោះ​​ការ​លើក​ឡើង​របស់សម្តេចពាក់ព័ន្ធនឹងពាក្យសំណាញ់មេឃកម្ពុជា។ សម្តេចបញ្ជាក់ថា «គ្មាននរណាម្នាក់ ទៅធ្វើដំណាញ់ដាក់មេឃដូចសំណាញ់ចាប់ត្រីនោះទេ ។ សំណាញ់មេឃ ដែលសម្តេចចង់សំដៅនោះ គឺជាប្រព័ន្ធការពារដែនអាកាសដ៏មុតមាំរបស់កម្ពុជា»។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់វិស័យអប់រំ ឱ្យបន្តប្រុងប្រយ័ត្ន និងមានវិធានការ​ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះករណីឆ្លងមានមានការធ្លាក់ក៏ពិតមែន។ សម្តេចបញ្ជាក់ថា «យើងទើបតែឈ្នះសមរភូមិខ្លះនៃកូវីដ-១៩ប៉ុណ្ណោះ តែយើងមិនទាន់​ឈ្នះ​សង្គ្រាម​ប្រឆាំងកូវីដ-១៩ទាំងស្រុងនៅឡើយទេ»។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះបងប្អូនខ្មែរ ដែលកំពុងរស់នៅអាមេរិក ដែលបានចេញវិដេអូស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចទៅកាន់សហរដ្ឋអាមេរិក នាពេលខាងមុខនេះ ហើយក្នុងអំឡុងពេលសម្តេចបំពេញទស្សនកិច្ចនូវអាមេរិកនេះ សម្តេចក៏នឹងចូលជួបសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុ​ង​រស់នៅទីនោះផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មានសិស្សនិទ្ទេស A ចំនួន២នាក់ បានរកឃើញ​ដោយការធ្វើតេស្តរហ័ស មានវិជ្ជមានកូវីដ-១៩ នៅព្រឹកនេះពេលដែលពួកគេមកជួបសម្តេច តែលទ្ធផលទាំងនោះ នឹងត្រូវបញ្ជាក់បន្ថែមដោយPCRនៅរសៀលនេះ ហើយសម្តេចក៏បានផ្តាំផ្ញើ​សួរសុខទុក្ខ និងជូនពរដល់ពួកគេឱ្យឆាប់ជាសះស្បើយ ដើម្បីបានបន្តការសិក្សា​ជំនាញ​តាមចំណង់​ចំណូលចិត្តរបស់ខ្លួន។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នកគាំទ្រសម្តេចនៅសហរដ្ឋអាមេរិក សូមមានការអត់ធ្មត់ កុំធ្វើបាតុកម្មតទល់នឹងបំណងធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចរបស់ជនមួយក្តាប់តូចនៅអាមេរិក។ សម្តេចបានផ្តាំផ្ញើដល់ជនមួយក្តាប់តូចនោះថា «បើចង់ធ្វើបាតុកម្មប្រឆាំងវត្ត​មានសម្តេច​លើទឹកដីអាមេរិក សូមធ្វើបាតុកម្មប្រឆាំង លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកផង ព្រោះ​សម្តេច​ជាភ្ញៀវគាត់»។

– សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមកុំ​វាយតម្លៃ បន្តុះបង្អាប់ និងប្រៀបប្រដូចកូនយើងជាមួយកូនអ្នកដទៃ ដែលជាការ​វាយបំបាក់​ទឹកចិត្តខ្លាំងណាស់ចំពោះកូន។

ប្រសាសន៍សំណេះសំណាលរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ចប់នៅម៉ោង ៩និង៥៧នាទី៕