ប្រសិនបើមានដីទំនេរអីកុំទុកចោល! ម្ចាស់ចម្ការ១រូបអាចរកចំណូលខ្ទង់២ម៉ឺន$ក្នុង១ឆ្នាំពីរបរដាំទំពាំងលើដី៣ហិចតា
របរកសិកម្មគ្រប់ប្រភេទទាំងអស់នៅប្រទេសកម្ពុជា គឺពិតជាមានសក្ដានុពលខ្លាំងសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅក្រៅស្រុក។ ដំណាំសឹងតែគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាត្រូវការជាចាំបាច់ក្នុងការបង្កើនការដាំដុះ ហើយដំណាំដែលមានសក្កានុពលមួយក្នុងចំណោមដំណាំជាច្រើនមុខទៀតគឺ ទំពាំងផ្អែម។ ទំពាំងផ្អែមនេះត្រូវបានគេយកទៅធ្វើជាមុខម្ហូបអាហារជាច្រើនមុខយ៉ាងឆ្ងាញ់ពិសារ ហើយមិនត្រឹមតែប៉ុណ្ណោះ អត្ថប្រយោជន៍នៃទំពាំងនេះ មានដូចជា៖ ជួយសម្រកទម្ងន់ ជួយកាត់បន្ថយជម្ងឺមហារីក ពួយពង្រឹងប្រព័ន្ធភាពសុាំ ជួយពង្រឹងសុខភាពបេះដូង ជួយដល់ប្រព័ន្ធដកដង្ហើម និងអាចបន្សាបជាតិពឹសពស់និងខ្យាដំរីយ៉ាងមានប្រសិទ្ធភាព។
កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារពាណិជ្ជកម្មកម្ពុជា(Business Cambodia)បានចុះស្រាវជ្រាវ ជួបជាមួយកសិករគំរូម្នាក់ដែលបានប្រកបរបរនេះហើយមានចម្ការឈ្មោះថា ចំការឫស្សី តាទំពាំងផ្អែម ទន្លេបិទ ដែលមានអាស័យដ្ឋាន៖ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើតាមការឱ្យដឹងពីម្ចាស់ចម្ការផ្ទាល់ លោក អុឹង ទ្រី បានប្រកបរបរអស់រយៈកាលជាង ២ ឆ្នាំមកហើយគិតតាំងពីឆ្នាំ ២០១៨ មក។ មូលហេតុដែលលោកចាប់អារម្មណ៍ជំនាញដាំទំពាំងផ្អែមនេះដោយសារតែវាជារបរមិនពិបាកថែទាំច្រើនខណៈតម្រូវការទិញគឺមិនបាច់ភ័យឱ្យតែមានទំពាំង ឈ្មួញកណ្តាលគាត់មកកាត់យកដោយខ្លួនឯង។ រៀបរាប់ពីចំណុចចាប់ផ្ដើមលោ អ៊ឹង ទ្រី បានបញ្ជាក់ថា គាត់បានទៅទិញកូនឫស្សី ៤ ប្រភេទពីប្រទេសថៃមក រួមមាន៖ ទី១ ឫស្សីយក្ស ទី២ឫស្សីសានម៉ុង ទី៣ឫស្សីកែវ ទី៤ឫស្សីផៃគីមស៊ុង ហើយបច្ចុប្បន្ននេះ លោកកំពុងដាំនិងលក់កូនឫស្សីផៃគីមស៊ុងក្នុង ចំការឫស្សី តាទំពាំងផ្អែម ទន្លេបិទ របស់លោកលើផ្ទៃដីចំនួន ៣ ហិចតាផងដែរ ។
លោក អុឹង ទ្រី បានបន្តទៀតថា ចំណូលជារាងរាល់ឆ្នាំដែលលោកទទួលផលបានពីការដាំទំពាំងផ្អែមនេះក្នុងចន្លោះពី ១៥,០០០ដុល្លារ ទៅ ២០,០០០ ដុល្លារ សរុបទាំងលក់ទំពាំងនិងលក់កូនទំពាំងផង។ ដោយការលក់របស់លោកគឺតាមរដូវកាល រដូវវស្សា តម្លៃ ៤,០០០រៀលក្នុងមួយគីឡូ និង រដូវប្រាំ តម្លៃ ៦,០០០រៀលក្នុងមួយគីឡូ ហើយរដូវដែលលោកលក់ដាច់ច្រើនសឹងតែមិនទាន់នោះគឺរដូវប្រាំ។ កសិករវ័យ ៥៩ ឆ្នាំរូបនេះ បានអំពាវនាវទៅកាន់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការប្រកបរបរនេះគួរតែចាប់ផ្ដើមធ្វើទៅតែត្រឹម ៥ខែប៉ុណ្ណោះផលនឹងទទួលបានបណ្ដើរៗហើយ។
នេះគឺជាឱកាសល្អសម្រាប់បងប្អូនដែលមានដីទំនេរចោលគួរតែសាកល្បងដាំឫស្សីផ្អែមនេះទៅ។ ម្យ៉ាងទៀត ប្រសិនបើបងប្អូនចង់រៀនជំនាញដាំឫស្សីនិងចង់ទិញកូនឫស្សី សូមទំនាក់ទំនងទៅកាន់ទៅ ចំការឫស្សី តាទំពាំងផ្អែម ទន្លេបិទ ទូរស័ព្ទលេខ៖ ០១០ ៩៤ ១៤ ១៧ /០១២ ៦៩ ៥៣ ០៤ /០៩៧៦ ៧៧៧ ៥៤០៕
By:Bonny អត្ថបទដើមដោយ៖ ចេង លីកា From: Business Cambodia