ប្អូនពៅនៃត្រកូល Huawei P40 បង្ហាញមុខជាផ្លូវការហើយ!
Huawei នឹងបង្ហាញត្រកូល P40 ដែលជា Flagship ប្រចាំដើមឆ្នាំ ២០២០ នៅថ្ងៃទី ២៦ ខែមីនាខាងមុខ។ មុនការប្រកាសចេញខាងមុខនេះ ក្រុមហ៊ុនបានបង្ហាញចេញប្រភេទ Lite ដែលឈ្មោះថា Huawei P40 Lite។
ទូរសព្ទកូនពៅនៃគ្រួសារ P40 នេះ គឺបានចេញលក់នៅអឺរ៉ុបមុនគេ ហើយក្នុងនោះប្រទេសអេស្ប៉ាញមានលក់មុនគេ ជាមួយតម្លៃប្រមាណ ៣២៦ ដុល្លារ។ តាមពិត P40 Lite នេះគឺជា Huawei Nova 6 SE ដែលក្រុមហ៊ុនបានប្រកាសចេញនៅប្រទេសចិនកាលពីខែធ្នូ ហើយប្រភេទថ្មីនេះគឺសម្រាប់លក់លើទីផ្សារបរទេស។
P40 Lite ដំណើរការដោយបន្ទះឈីប Kirin 810 ដែលជាគូប្រជែងរបស់ Snapdragon 675 និង Snapdragon 730។ យ៉ាងណាក្ដីកម្រិតនៃការថតវីដេអូដែលអាចទ្រាំទ្របានគឺខ្ពស់បំផុតត្រឹម 1080P/30fps ខណៈដែលបន្ទះឈីបពីរទៀតនោះអាចទ្រាំទ្រដល់កម្រិត 4K។ បន្ទះឈីបនេះភ្ជាប់មកជាមួយ RAM ទំហំ ៦GB និងអង្គផ្ទុកទំហំ ១២៨GB។

អេក្រង់ IPS LCD នៃស្មាតហ្វូននេះគឺមានទំហំ ៦,៤ អ៊ីញ អាចបង្ហាញរូបភាពកម្រិត Full HD+ ដែលអេក្រង់នេះគឺមានចោះរន្ធផ្នែកលើខាងឆ្វេងសម្រាប់បំពាក់កាមេរ៉ា Selfie ទំហំ ១៦MP។
ប្រព័ន្ធកាមេរ៉ាខាងក្រោយគឺមានគួបផ្សំដោយកាមេរ៉ាមេទំហំ ៤៨MP, កាមេរ៉ា Wide-Angle ទំហំ ៨MP, កាមេរ៉ា Macro ទំហំ ២MP និងកាមេរ៉ាវាស់ជម្រៅទំហំ ២MP។ ប្រព័ន្ធកាមេរ៉ា ៤ គ្រាប់នេះគឺដាក់នៅក្នុងដង្គុំរាងបួនជ្រុង ស្រដៀងនឹងដង្គុំកាមេរ៉ាលើ iPhone 11 និង Pixel 4 ដែរ។
ប្រព័ន្ធប្រតិបត្តិការរបស់វាគឺ Android 10 ជាមួយ EMUI 10 ដែលមិនមាននូវ Google Mobile Services នោះឡើយ ត្រូវជំនួសដោយ Huawei Mobile Services វិញ ក្នុងនោះមាននូវ Huawei AppGallery ដែលសម្បូរបែបជាងមុនផងដែរ។ ថ្មរបស់ P40 Lite គឺមានទំហំ ៤២០០ mAh ដែលមានល្បឿនសាក ៤០ វ៉ាត់ និងអាចសាកថ្មដោយឥតប្រើខ្សែបានផងដែរ៕
ប្រភព៖ Androidauthority ប្រែសម្រួល៖ http://news.sabay.com.kh/