ផ្ទុះហិង្សារវាងសហគមន៍ នាយករដ្ឋមន្ត្រីអំពាវនាវឲ្យស្ងប់ស្ងាត់
ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារេនដ្រាម៉ូឌី កាលពីថ្ងៃទី២៦កុម្ភៈបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ប្រឈមមុខនឹងអំពើហិង្សាអន្តរសហគមន៍ ក្នុងទីក្រុងញូវដែល្លីដែលបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតឡើងដល់២៧នាក់ហើយ ចំណែកមនុស្សជាង២០០នាក់រងរបួស។ នេះជាអំពើហិង្សាដ៏អាក្រក់បំផុតពុំធ្លាប់មានក្នុងរដ្ឋធានីឥណ្ឌាចាប់តាំងពីច្រើនទសវត្សមកហើយ។
ហាងទំនិញនានាត្រូវដុតបំផ្លាញ ពួកបះបោរប្រដាប់ដោយដុំថ្មដាវនិងខ្លះទៀតមានដល់កាំភ្លើងខ្លី បានសាបព្រោះភាពចលាចលនិងការភ័យខ្លាច ចាប់តាំងពីថ្ងៃទី២៣កុម្ភៈមក ក្នុងបណ្ដាសង្កាត់នៅភាគឦសានក្រុងញូវដែល្លី ស្ថិតនៅចម្ងាយច្រើនសិបគីឡូម៉ែត្រពីកណ្ដាលក្រុង។
តាមTWITTERនាយករដ្ឋមន្ត្រីឥណ្ឌាជាអ្នកជាតិនិយមហិណ្ឌូថ្លែងថា ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រុសស្រីក្រុងញូវដែល្លី ឲ្យថែរក្សាគ្រប់ពេលវេលានូវសន្តិភាពនិងភាតរភាព។ វាសំខាន់ណាស់ដែលភាពស្ងប់ស្ងាត់និងប្រក្រតីភាពត្រូវស្ដារឡើងវិញឲ្យបានឆាប់រហ័សបំផុត។

សង្កាត់ជាច្រើននៃក្រុងញូវដែល្លីរដ្ឋធានីឥណ្ឌា ចាប់តាំងពីថ្ងៃទី២៣កុម្ភៈមក ជាទីលាននៃឆាកកាប់សម្លាប់គ្នាក្នុងក្រុង។ ពួកបះបោរដែលប្រដាប់ដោយដុំថ្ម ដាវនិងរហូតដល់កាំភ្លើងខ្លី បានសាបព្រោះភាពចលាចលនិងការភ័យខ្លាច ក្នុងបណ្ដាតំបន់ជាយក្រុងដែលមានពួកអ៊ីស្លាមភាគច្រើននាភាគឦសានក្រុង។
ការប៉ះទង្គិចគ្នាកើតមានរវាងពួកអ្នកគាំទ្រនិងពួកអ្នកប្រឆាំងច្បាប់ដ៏ចម្រូងចម្រាស់ស្ដីពីការផ្ដល់សញ្ជាតិ ដែលពួកអ៊ីស្លាមយល់ថាមានការរើសអើង ហើយបានប្រែក្លាយទៅជាការប៉ះទង្គិចគ្នារវាងសហគមន៍ គឺរវាងពួកហិណ្ឌូនិងពួកអ៊ីស្លាម៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/