ពលករជាង១០នាក់ជួបគ្រោះលើទឹកដីថៃ
ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២០ ពលករស្របច្បាប់ចំនួន១២នាក់ ក្នុងនោះស្ត្រីជាពលករម្នាក់បានបាត់បង់ជីវិត ចំណែក១១នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកគូថរថយន្តធំដែលចតតាមចិញ្ចើមផ្លូវលើទឹកដីថៃ ក្នុងខេត្តស៊ុងខ្លា ។

ពលកររងគ្រោះទាំង១២នាក់ខាងលើនេះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ពួកគាត់ជាពលករស្របច្បាប់ទើបចេញពីកម្ពុជាឆ្លងកាត់ស្រុកអរញ្ញខេត្តស្រះកែវ ប្រទេសថៃ គ្រោងទៅធ្វើការនៅរោងចក្រម្ហូបអាហារសមុទ្រមួយក្នុងខេត្តស៊ុងខ្លា។

តាមប្រភពព័ត៌មានពីទឹកដីថៃបានឱ្យដឹងថា មុនពេលកើតហេតុ ពលករទាំង១២នាក់ខាងលើបានជិះក្នុងរថយន្តមួយគ្រឿងម៉ាករថទូ ពាក់ស្លាកលេខថៃ ផាត់ថាលុង៣០-០៣២៦ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុកគូថរថយន្តធំដែលអ្នកបើកបរចតតាមចិញ្ចើមផ្លូវ ដើម្បីដេក បណ្តាលឱ្យមានអ្នកបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលរដូករណែល ហើយត្រូវអាជ្ញាធរនិងសមត្ថកិច្ចថៃចុះអន្តរាគមន៍ហៅរថយន្តសង្គ្រោះក្នុងខេត្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកហាតយ៉ៃនិងបាងខ្លាភ្លាមៗផងដែរ ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា មិនទាន់ទទួលបានព័ត៍មានខាងលើនៅឡើយទេ ។ ម្យ៉ាងទៀត ខាងលោកអាចទទួលបានតែព័ត៌មានដែលកើតឡើងតាមខេត្តជាប់ៗព្រំដែនតែប៉ុណ្ណោះ ។ កោះសន្តិភាពមិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយពីមន្ត្រីស្ថានកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ឬស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/