ពលរដ្ឋក្រីក្រនៅស្រុកពួក ទទួលបានមេគោពូជពីសប្បុរសជនប្រទេសកូរ៉េ
ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំសំរោងយា ស្រុកពួក ចំនួន ៧គ្រួសារ ទទួលបានមេគោពូជពីសប្បុរសជនប្រទេសកូរ៉េ ដើម្បីជួយសម្រាលដល់ជីវភាពពួកគាត់។
មេឃុំសំរោងយា លោក ឡាច សឿន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះថា មេគោពូជទាំង ៧ក្បាល ដែលសប្បុរសជនប្រទេសកូរ៉េបានជួយប្រជាពលរដ្ឋនេះ គឺបានធ្វើឡើងកាលពីលើកទី១ ចំនួន ៥ក្បាល ដល់ប្រជាពលរដ្ឋប្រាំគ្រួសារ និងលើកទី២ នៅថ្ងៃនេះ សប្បុរសជនក៏បានជួយមេគោពូជចំនួន ២ក្បាលបន្ថែមទៀត សម្រាប់ពលរដ្ឋ ២គ្រួសារ។ លោកមេឃុំថា មេគោពូជទាំងនោះបានមកពីការជួយរបស់សប្បុរសជនសមាគមអភិវឌ្ឍន៍ភូមិថ្មី យ៉ាំងផ្សុង ឡូថារី តាមរយ:អង្គការដាអ៊ីល។
បើតាមលោក ឡាច សឿន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២មក អង្គការដាអ៊ីល បានចូលមកជួយអភិវឌ្ឍន៍ក្នុងឃុំមួយនេះ បានយ៉ាងច្រើន ដូចជាការជួយសាងសង់ផ្លូវបេតុង ផ្លូវក្រាលដីស សាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ ជាដើម។
អភិបាលរងស្រុកពួក លោក សាន ណារិទ្ធ បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះអង្គការដាអ៊ីល ក្នុងការជួយកៀងគរសប្បុរសជនមកជួយអភិវឌ្ឍន៍នៅក្នុងស្រុកពួកនេះ។ លោករំពឹងថា អង្គការ និងសប្បុសជន នឹងបន្តជួយគាំទ្រនូវការជួយស្តារសេដ្ឋកិច្ចគ្រួសារក្រីក្រនៅក្នុងស្រុកនេះ កាន់តែច្រើនជាបន្តទៀត។
សមាគមអភិវឌ្ឍន៍ភូមិថ្មី យ៉ាំងផ្សុង ឡូថារី ប្រទេសកូរ៉េ លោក យិន ខ្វាន់ស៊ូ បានលើកឡើងថា លោកពិតជារីករាយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ នៅឃុំសំរោងយានេះ។ លោកថា ការផ្តល់ជូននូវមេគោពូជជូនប្រជាពលរដ្ឋ មិនបញ្ចប់ត្រឹមនេះទេ គឺសមាគមនឹងស្វះស្វែងរកជំនួយបន្ថែមទៀតក្នុងការបន្តជួយប្រជាពលរដ្ឋក្រីក្រ។
ប្រជាពលរដ្ឋដែលទទួលបានមេគោពូជ បានសម្តែងនូវការត្រេកអរ ដោយពួកគាត់លើកឡើងថា ការផ្តល់ជូននេះ បានជួយសម្រួលការលំបាករបស់ពួកគាត់បានមួយអន្លើ ពួកគាត់បានបង្ហាញអំពីការឆ្លើយតបថា នៅក្នុងពេលអនាគតនឹងទទួលលទ្ធផលល្អ ហើយជីវភាពក៏ប្រសើរឡើងផងដែរ ។ ពួកគាត់ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនផងដែរ៕