ពិធីប្រកាសសមាសភាព អនុគណៈកម្មការ សាងសង់ស្តូប អនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន 

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានអញ្ជើញប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ,អនុរដ្ឋលេខាធិការ,អ្នកតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្តប៉ៃលិន,ខេត្តបាត់ដំបង ,ខេត្តពោធិសាត់,ខេត្តបន្ទាយមានជ័យ ,មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការកងពលធំ និងកងពលតូច ថ្នាក់ដឹកនាំមន្ទីរអង្គភាព ព្រមទាំងអាជ្ញាធរក្រុង/ស្រុកផងដែរ ។

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលគ្រោងសាងសង់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសុខសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តប៉ៃលិន ដោយបញ្ជាក់ពីភាពពិតរបស់កូនខ្មែរសម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត គឺត្រូវមានគំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន នេះ ។

ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានរំឮកឡើងវិញផងដែរ ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងបង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា ក៏ដូចជាខេត្តប៉ៃលិន ដែលបានបន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ ហើយការបញ្ចប់ដោយជោគជ័យដោយសន្តិវិធីចំពោះសង្រ្គាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវជីវភាព សុខសន្តិភាព និង ការពង្រឹងថែមទៀតនូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា៖ ជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ជាក់ស្តែងនៅក្នុងដំណាក់កាលចុងក្រោយ គឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា ៖សមិទ្ធផល នយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួល បានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។

សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន នេះ គឺប្រើប្រាស់ថវិកាចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែនសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online