ពិធី ប្រគល់-ទទួលសម្ភារៈវេជ្ជសាស្ត្រ ពីក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា

នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីប្រគល់ – ទទួលសម្ភារៈវេជ្ជសាស្ត្រដ៏ថ្លៃថ្លាពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩”។

ឯកឧត្តម វ៉ាង វីន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ជូនថា ៖ កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ជាបងប្អូនគឺ ជាមិត្តដែកថែប ស្គាល់ចិត្តគ្នា ជួយគ្នាទៅវិញទៅមក មានចំណងមិត្តភាពប្រៀបដូចដៃនឹងជើង។ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រោមការដឹកនាំដោយផ្ទាល់ និងជំរុញយ៉ាងពេញទំហឹងពី ឯកឧត្តម ប្រធានាធិ បតីចិន ស៊ី ជីង ពឹង និង សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឲ្យកងទ័ពប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបោះ ជំហានមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម វ៉ាង វិន បាន បានបញ្ជាក់បន្ថែមថា ក្រោយពីមានការកើតឡើងនូវជំងឺកូវីដ-១៩ ប្រជាជន កងទ័ពប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមក និងបានផ្ដល់អំណោយជាពេទ្យសម្ភារៈវេជ្ជ សាស្ត្រដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមបង្កើតបានជាគម្រូនៃកិច្ចសហ ប្រតិបត្តិការយោធាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចកសាងសហគមន៍ វាសនារួមរវាងចិននិងកម្ពុជា។

ក្នុងពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្ត្រដ៏ថ្លៃថ្លាពីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះប្រជន រដ្ឋាភិបាល និងកងទ័ពរំដោះប្រជា ជនចិនដែលបានផ្តល់សម្ភារៈវេជ្ជសាស្ត្រ ជូនកងយោធពលខេមរភូមិន្ទ ដើម្បីរួម ចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដូចពាក្យស្លោកពោលថា “មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន និង ជាមិត្តដែកថែបដ៏ពិតប្រាកដ តែងតែជួយគាំទ្រដល់ប្រជាជនកងទ័ពកម្ពុជាគ្រប់គ្រាលំបាកទាន់ពេលវេលា និងគ្មាន លក្ខខណ្ឌក្នុងស្មារតីទំនាក់ទំនងមិត្តភាព ជាប្រពៃណីដ៏ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅកាន់តែរឹងមាំលើគ្រប់វិស័យ។

-សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់បន្ថែមថា ការទទួលសម្ភារៈវេជ្ជសាស្ត្រពីក្រសួងការពារជាតិចិននាពេលនេះ គឺជាជំនួយបន្ថែមពីលើការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវឹង-១៩ និងការបញ្ជូនក្រុមវេជ្ជសាស្ត្រយោធាមកកម្ពុជា ដើម្បីផ្តល់បទពិសោធន៍ និងរួមសហការគា្នប្រយុទ្ធនឹងជំងឺកូវីដ-១៩នាពេលកន្លងមក បានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រស្នូល ដែលជាគន្លឹះក្នុងការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ ជំនួយទាំង អស់នេះនឹងបង្កើនសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងការលើក កម្ពស់កម្រិតជំនាញបច្ចេកទេសការ ស្រាវជ្រាវរកមេរោគកូរ៉ដ-១៩, យកសំណាកធ្វើតេស្តរកមេរោគ និងព្យាបាលជំងឺកូវីដ-១៩។ សម្តេចពិជ័យសេនា បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ រយៈ ពេលជិតពីរឆ្នាំ មកនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកំណត់យកការចាក់វ៉ាក់ សាំងជាវិធានការគន្លឹះ បន្ថែមលើវិធាន ការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ សំដៅការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវ៉ាក់ សាំង និងសម្ភារៈវេជ្ជសាស្ត្រជាទំនិញយុទ្ធសាស្ត្រនិងបានដាក់ចេញយុទ្ធ សាស្ត្រទិញឲ្យបានគ្រប់គ្រាន់ និងឆាប់បំផុតដើម្បីចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីមន្រ្តី និងកងកម្លាំងបម្រើសេវាជួរមុខ បន្ទាប់មកប្រជាជន ដែលមានអាយុចាប់ ពី១៨ឆ្នាំឡើង កុមារនិងយុវ វ័យដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងចុងក្រោយនេះកុមារ ដែលមានអាយុ ៥ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យក្នុងការដាក់ចេញយុទ្ធសាស្ត្រនេះបានត្រឹមត្រូវច្បាស់លាស់ ទាន់ពេល វេលា និងជ្រើសរើសមិត្តចិនជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង រួមជាមួយដៃគូផ្សេងទៀត ធ្វើឲ្យកម្ពុជាទទួល បានបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរី-១៩។ លទ្ធផលនេះ បានផ្តល់លទ្ធភាពឲ្យកម្ពុជា សម្រេចជោគ ជ័យមុនផែនការកំណត់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរី-១៩ និងបានប្រកាសជា ផ្លូវការបើកប្រទេសដំណើរការឡើងវិញលើគ្រប់វិស័យជាបណ្តើរៗ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី កាល ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចពិជ័យសេនា បានធ្វើការវាយ តម្លៃថា ការអនុវត្តយុទ្ធនាការចាក់វ៉ាក់ សាំងបានទាន់ពេលវេលានេះ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ទាំងក្នុងតំបន់ និងសកលលោក សម្រេចបាននូវភាពសហគមន៍រឹងមាំពិតប្រាកដមួយបានរួមចំណែកកាត់ បន្ថយការឆ្លងរាលដាលការចម្លងការវិវត្តទៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ធានាបាននូវការស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងស្តារ និងជំរុញឡើងវិញនូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជននាពេលកន្លងមកបានបញ្ជាក់ច្បាស់ថា វត្តមានកងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការចាក់វ៉ាក់សាំងនេះ ហើយជោគជ័យទាំងអស់នេះ មិនអាចខ្វះបាននូវការជួយគាំទ្រឧបត្ថម្ភទាំងវ៉ាក់សាំង សម្ភារៈវេជ្ជសាស្ត្រ ក្រុមវេជ្ជសាស្ត្រ និងបទពិសោធន៍ពីសំណាក់ប្រជាជន រដ្ឋាភិបាល ពិសេសកងទ័ពរំដោះប្រជាជនចិនចំពោះកងយោធពលខេមរភូមិន្ទបានឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែង អំណរគុណចំពោះមិត្តចិនដែលបានចូល រួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សជាតិ នៃការប្រយុទ្ធនឹងជំងឺកូវីដៃ-១៩ និងតែងតែគាំទ្រលើកកម្ពស់សមត្ថភាពបច្ចេកទេសលើគ្រប់វិស័យ ដល់កងយោធពលខេមរភូមិន្ទ រួមចំណែកក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ សម្តេចពិជ័យសេនា បានអរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិន ធាន និងនាយទាហានការិយាល័យអនុព័ន្ធយោធាប្រចាំកម្ពុជា ចំពោះការជួយសម្របសម្រួលការងារគ្រប់បែបយ៉ាង ជូនក្រសួងការពារជាតិបានទាន់ពេលវេលា។សម្តេចពិជ័យសេនា និងឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វ៉ន ធាន បានប្តេជ្ញាចិត្តរួមគ្នាខិតខំជំរុញកិច្ចសហប្រតិបត្តិការ លើកកម្ពស់ទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិនឲ្យកាន់តែស៊ីជម្រៅ រួមចំណែកផ្តល់អត្ថប្រយោជន៍ជូនប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online