ពេល4ថ្ងៃក្នុងឳកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំ ខេត្តព្រៃវែងមានភ្ញៀវទេសចរណ៌ចូលមកលេងកំសាន្តជិត១ម៉ឺននាក់
ព្រៃវែង ៖ នៅក្នុងរយៈពេល៤ថ្ងៃ នៃឳកាសដែលរាជរដ្ឋាភិបាល បានអនុញ្ញាតិអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បានឈប់សំរាក ជាការសងជំនួសថ្ងៃបុណ្យចូលឆ្នាំ គឺពីថ្ងៃទី១៧ដល់ថ្ងៃទី២០សីហា នៅតាមបណ្តារមណីយដ្ឋាននានាក្នុងខេត្តព្រៃវែង មានភ្ញៀវមកលេងកំសាន្តយ៉ាងច្រើនកុះករ ដែលតាមរបាយការណ៌របស់មន្ទីរទេសចរណ៌ខេត្ត គឺមានចំនួនសរុបប្រមាណជិត១ម៉ឺននាក់។
រមណីយដ្ឋានដែលភ្ញៀវទេសចរណ៌ បាននាំគ្នាទៅលេងកម្សាន្តនៅក្នុងឳកាសនោះ រួមមាន រមណីយដ្ឋានធម្មជាតិនគរភ្នំ (ភ្នំឈើកាច់) រមណីយដ្ឋានទួលបារាយណ៌អណ្តែត រមណីយដ្ឋានទេសចរណ៌ស្ទឹងចារ សួនសត្វតាដាបាយ៉ាប តំបន់ទេសចរណ៌ដីដុះ និងតំបន់អភិរក្សសត្វស្លាបទួលពាន់តាឡី និងប្រាសាទព្រៃដើមស្រុក ហើយក្នុងចំណោមតំបន់ទេសចរណ៌ទាំងអស់នេះ តំបន់អភិរក្សសត្វស្លាបទួលពាន់តាឡី ក្នុងស្រុកបាភ្នំ មានភ្ញៀវទេសចរណ៌ចូលទៅលេងកំសាន្តច្រើនជាងគេ។
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានអោយដឹងថា នៅក្នុងរយៈពេល៤ថ្ងៃនេះ នៅតាមបណ្តារមណីយដ្ឋាននានាក្នុងខេត្តព្រៃវែង មានភ្ញៀវចូលទៅលេងកំសាន្តច្រើន គឺចាប់ពី៥០០ទៅ១០០០នាក់ឯណោះក្នុង១ថ្ងៃ ហើយដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមអ្នកទេសចរណ៌ មន្ទីរទេសចរណ៌ខេត្ត បានសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះអប់រំផ្សព្វផ្សាយដល់ក្រុមអាជីវករ និងសន្តិសុខនៅតាមរមណីយដ្ឋានទាំងនោះ អោយចេះរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាអនាម័យនៅតាមតូបលក់ដូរ និងនៅតាមកន្លែងកំសាន្ត ជាពិសេសគឺផ្សព្វផ្សាយអំពីការការពារជម្ងឺកូវីដ១៩ផងដែរ៕




