ព្រឹទ្ធសភាអាមេរិកអនុម័តលើការហាមឃាត់ការនាំចូលទំនិញពីតំបន់ស្វយ័តស៊ីនជាំងភាគពាយព្យរបស់ចិន ជុំវិញការព្រួយបារម្ភអំពីពលកម្មដោយបង្ខំ

វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសដំបូងគេ ដែលហាមឃាត់ការនាំចូលទំនិញស្ទើរទាំងអស់ពីតំបន់ស៊ីនជាំងភាគពាយព្យរបស់ចិន ជុំវិញការព្រួយបារម្ភអំពីពលកម្មដោយបង្ខំ។

ច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់សេតវិមាន សម្រាប់ការចុះហត្ថលេខារបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីអនុម័តវា។ ច្បាប់នេះត្រូវបានអនុម័តរួចហើយដោយសភាតំណាងរាស្រ្ត។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានរារាំងការនាំចូលផលិតផលមួយចំនួន រួមទាំងកប្បាស និងផលិតផលកសិកម្មកែច្នៃ ដែលផលិតនៅក្នុងតំបន់ស្វយ័តស៊ិនជាំង។ ក្រុមហ៊ុនអាជីវកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកបានសម្តែងការមិនសប្បាយចិត្តអំពីច្បាប់ ស្តីពីការការពារការងារដោយបង្ខំលើជនជាតិវីហ្គួរ ដែលហាមឃាត់ការនាំចូលទំនិញទាំងអស់ពីតំបន់ស៊ិនជាំង លុះត្រាតែក្រុមហ៊ុនទាំងនោះផ្តល់ភស្តុតាងដែលអាចផ្ទៀងផ្ទាត់បានថា ផលិតកម្មនោះមិនពាក់ព័ន្ធនឹងទាសភាព។

សូមរំលឹកថា កាលពីដើមខែនេះ រដ្ឋបាលលោក ចូ បៃដិន បានប្រកាសធ្វើពហិការការទូតចំពោះកីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉េកាំង ដោយបានលើកឡើងពីអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ប្រទេសចិន ដែលបានប្រព្រឹត្តប្រឆាំងនឹងជនមូស្លីម និងជនជាតិភាគតិចផ្សេងទៀតនៅក្នុងតំបន់។ ទង្វើនេះទំនងជានឹងបង្កប្រតិកម្មតបវិញពីទីក្រុងប៉េកាំង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online