ព្រៃរកោងកាងទឹកសាបជាតំបន់អេកូទេសចរណ៍ដ៏ល្អស្អាត

ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ហៅម្យ៉ាងទៀតគឺព្រៃកោងកាងទឹកសាប ឬកោងកាងភ្នំ ជាតំបន់រមណីយដ្ឋានធម្មជាតិដ៌ទាក់ទាញថ្មីមួយទៀត ក្រៅពីប្រាសាទនានា ក្នុងខេត្តសៀមរាប ។

ដែលមានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមខេត្តសៀមរាប ភាគឦសាន ប្រមាណ៣០ គីឡូម៉ែត្រ ។

ព្រៃសហគមន៍នេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ដែលមានទំហំផ្ទៃដី ១,០២២ ហិតា និងមានព្រៃកោងកាងទឹកសាបចំនួន៩០ហិតា ព្រៃ​សហគមន៍​នេះ គឺជាអេកូទេសចរណ៍ដ៏ទាក់ទាញយ៉ាងខ្លាំង ដោយតំបន់នេះសំបូរទៅដោយធនធានធម្មជាតិដ៏ល្អ ជាពិសេសគឺព្រៃកោងកាងទឹកសាប ដែលដុះឈរខ្ពស់ត្រង់ទៅលើ​ ដើមស្រលន ល្អ​ ដែលមានកម្ពស់ប្រហែលពី៤ម៉ែត្រ ទៅ ៧ម៉ែត្រ ស្លឹកពណ៍បៃតង បែកមែកត្រឈឹងត្រឈៃ
បាំងព្រះសូរិយា មិនអោយក្ដៅ ផងដែរ ហើយនៅក្នុងព្រៃនេះសហគមន៍បាននាំគ្នាធ្វើស្ពានដើរយ៉ាងស្អាតនៅក្នុងព្រៃដើម្បីទស្សនាបានយ៉ាងងាយស្រួល ហើយស្ពាននេះមានប្រវែងប្រហែល ១គីឡូម៉ែត្រ ដែលយើងប្រើរយះជាង៣០នាទី ឬយូរជាងនេះសម្រាប់ដើរមើលនិងផ្តិតរូបថតយ៉ាងស្រស់ស្អាតដ៏អស្ចារ្យពីសម្រស់ព្រៃព្រឹក្សាទាំងនេះម្យ៉ាងទៀតក្រៅពីព្រៃកោងកាងទឹកសាបនេះ នៅពេលខាងមុខសហគមន៍ក៏មានគម្រោងរៀបចំកែច្នៃបន្ថែមទៀត ដូចជាការដាំផ្កាព្រៃតាមសងខាងផ្លូវ សួនអនុស្សវរីយ៍ និងរៀបចំកែលម្អអូរសម្រាប់ងូតទឹកលេងកម្សាន្ត ។

ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍​គឺជាតំបន់អេកូទេសចរណ៍ដ៏ល្អស្អាតបំផុតដែលលោកអ្នកគួរតែទៅទស្សនា ដើម្បី​បំបាត់នូវការនឿយហាត់ បំបាត់នូវទុកកង្វល់ មានអារម្មណ៍ស្រស់ថ្លា។
យើងខ្ញុំ​នឹងសង្ឃឹមលោកអ្នកប្រាកដជាពេញចិត្តនូវសម្រស់ដ៏ស្រស់ស្អាតរបស់ព្រៃកោងកាងនេះ៕