ភ្ញាក់ផ្អើល! វិសាខាចែកផ្លូវជាមួយគ្រូបង្គោលលោក Colum ខណៈ​លោក​ដឹក​នាំ​ក្រុម​ស្ទើរ​មិន​ស្គាល់​ចាញ់​សោះ ក្នុង​រដូវ​កាល​នេះ

CAMSOC-ភ្នំពេញ៖ ក្លឹបកីឡាបាល់ទាត់វិសាខា បាន​ប្រ​កាស​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល ជុំ​វិញ​ការ​ចែក​ផ្លូវ​គ្នា​ជា​មួយ​គ្រូ​បង្គោល​លោក Curtis Colum Gerard ខណៈ​បុរសសញ្ជាតិអៀរឡង់​រូប​នេះ បាន​ដឹក​នាំ​ក្រុម​ស្ទើរ​មិន​ស្គាល់​ចាញ់​សោះ ពោល​គឺ​ចាញ់​តែ១​ប្រ​កួត​ប៉ុណ្ណោះ ក្នុង​ចំ​ណោម ១៤​ប្រ​កួត នៃ​លីគ​កំ​ពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០២១។

ដំណឹងដ៏រសើបនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យ​កីឡា​បាល់​ទាត់ ពិសេស​អ្នក​គាំទ្រ​ក្រុម​វិសាខា មាន​ការ​ចាប់​អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដ្បិត​ពួក​គេស្ទើរ​មិន​ជឿថា ក្រុម​ជើង​ឯក​ពាន​សម្ដេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២០នេះ សម្រេច​ចែក​ផ្លូវ​ជា​មួយ​គ្រូ​បង្វឹក ដែល​ដឹក​នាំ​ក្រុម​មិន​ស្គាល់​ចាញ់​សោះ កាល​ពី​ជុំទី១ នៃ​លីគ​កំ​ពូល​កម្ពុជា ឆ្នាំ២០២១នេះ​ឡើយ។

ក្លឹបសម្បូរធនធានកីឡាករល្អៗមួយនេះ បាន​ជូន​ដំ​ណឹង​ថា «ក្លឹប​របស់​យើង​បាន​ព្រម​ព្រៀង​ចែក​ផ្លូវ​គ្នា​ជា​មួយលោកគ្រូ Curtis Colum Gerard ជា​ផ្លូវ​ការ​ហើយ។ លោកគ្រូ Curtis Colum Gerard បាន​ចូល​រួម​ជា​មួយ​ពួក​យើង កាលពីដើមរដូវកាលឆ្នាំ២០២០។ ពួកយើងទាំងអស់គ្នា ពិត​ជា​សូម​អរ​គុណ ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​គ្រូ​ក្នុង​ការ​ជួយ​ក្លឹប​របស់​យើង​កន្លង​មក»។

គួរដឹងថា កាលពីជុំទី១ នៃលីគរដូវកាលនេះ ក្រោមកា​រ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​វ័យ​ក្មេង​លោក Colum Curtis វិសាខា បាន​បញ្ចប់​ការ​ប្រ​កួត​ដោយ​ឈរ​កំ​ពូល​តា​រាង និង​រក្សា​កំ​ណត់​ត្រា​មិន​ស្គាល់​ចាញ់​សោះ បន្ទាប់​ពី​ប្រ​កួត១២លើក ឈ្នះ៨ និងស្មើ៤ មុនកំណត់ត្រាមិនស្គាល់ចាញ់នេះ ត្រូវ​បានបំបែកដោយក្រុមនាគខៀវបឹងកេត ក្នុងជំនួបជើងទី២ ដោយវិសាខា បានរងបរាជ័យក្នុងលទ្ធផល ២-១ លើទឹកដីរបស់ខ្លួន។

បច្ចុប្បន្នវិសាខា នៅតែជាបេក្ខភាពក្រុមលំដាប់​កំ​ពូល​តារាង ដែល​មាន​ពិន្ទុ​ប្រ​កៀក​ប្រ​កិត​គ្នា ជាក់​ស្ដែង​ក្រោយ​យកឈ្នះណាហ្គាវើលដ៏ ១-០ កាល​​ពី​ម្សិលមិញ ពួក​គេឡើងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន៣១​ពិន្ទុ ស្មើព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។ ប៉ុន្ដែ​ប្រ​កួត​សេស​​សល់ វិសាខានឹងត្រូវធ្វើការងារធ្ងន់ ព្រោះ​ត្រូវ​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំងៗ ដូច​ជា​ត្រូវ​ជួប​គិរីវង់ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ភ្នំ​ពេញ​ក្រោន អង្គរ​ថាយ​ហ្គឺរ និងកងយោធពលខេមរភូមិន្ទជាដើម។

សូមបញ្ជាក់ថា សមិទ្ធផលរដូវកាលដំបូង ក្រោមការដឹកនាំរបស់លោក Colum កាលពីឆ្នាំ២០២០ គឺបានបញ្ចប់ត្រឹមលេខ៥ នៃលីគកំពូលកម្ពុជា តែលោកបានជួយឲ្យក្រុមបើកទំព័រប្រវត្តិសាស្រ្ដឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ និងទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់ AFC Cup 2021 លើកដំបូង។ តែគួរឲ្យស្ដាយដោយសារបញ្ហាកូវីដ-១៩ AFC បានសម្រេចលុបចោលការប្រកួតប្រចាំតំបន់អាស៊ាន នាំឲ្យវិសាខា ពុំអាចបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះឡើយ៕

ប្រភព៖ ក្លិបកីឡាបាល់ទាត់វិសាខា

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online