ភ្ញៀវទេសចរជាង១លាន១សែននាក់​បានចេញដេីរ​កំសាន្ត​ ទូទាំង​ប្រទេស​

នាឱកាសឆ្លងឆ្នាំសកល២០២១ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេ។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសចរសរុបមានចំនួន១,១៤៥,១៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥,៧៥៤នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីបានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

* រាជធានីភ្នំពេញ៖ ៣៦៥,៦៥៣នាក់

* ខេត្តសៀមរាប៖ ១៨៩,៤៣៦នាក់

* ខេត្តកំពត៖ ៩៦,១៣៨ នាក់

* ខេត្តកំពង់ស្ពឺ៖ ៨០,១០០នាក់

* ខេត្តកំពង់ឆ្នាំង៖ ៧១,៨៦៩នាក់

* ខេត្តកែប៖ ៦៦,១៣៥នាក់

* ខេត្តព្រះសីហនុ៖ ៥៥,៧១៧នាក់។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា យោងតាមតួលេខខាងលើឃើញថាមានការកើនឡើងដល់ទៅ ៦៣.៦៥% ធៀបនឹងឱកាសឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១។ ជាមួយការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាពេលកន្លងមក រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុកមួយចំនួនបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អទីក្រុង និងដាក់ភ្លើងបំភ្លឺជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំពោះរាជធានីភ្នំពេញ តាមការវាយតម្លៃបឋមរបស់អាជ្ញាធរ មានប្រជាពលរដ្ឋជាង៣៦ម៉ឺននាក់បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជា នៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា វិមានឈ្នះ-ឈ្នះ និងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។

គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០% ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗក៏បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន ដោយមានការទទួលទានអាហារ-ភេសជ្ជៈ ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ-មិត្តភក្តិ ខ្លះទៀតក៏បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋានផាប់ (Pub) និង Sky Bar នានា។

ឯកឧត្ដមបានបញ្ជាក់ដែរថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online