ភ្ញៀវទេសចរដែលទៅដល់ស្ទឹងត្រែងមិនសូវរំលង «ស្ដូបបុរីអូរស្វាយ» មានអាយុកាលជិត៦០ឆ្នាំ

(ស្ទឹងត្រែង)៖ ស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ បានក្លាយជាទីទាក់ទាញគួរឱ្យកត់សម្គាល់សម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ខណៈទីស្តូបប្រវត្តិសាស្ត្រនេះមានអាយុកាលជិត៦០ឆ្នាំមកហើយ ពោលគឺតាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។

ក្នុងពេលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមអ្នកសារព័ត៌មាន ដែលបានទៅដល់បុរីអូរស្វាយនាដើមសប្ដាហ៍នេះ លោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយសារស្ដូបអនុស្សាវរីយ៍នេះជាទីតាំងប្រវត្តិសាស្ត្រ ទើបមានភ្ញៀវទេសចរជាតិ-អន្តរជាតិតែងចាប់អារម្មណ៍មកកម្សាន្ត ថតរូប សិក្សាពីប្រវត្តិនៃការកសាង ឯអ្នកខ្លះក៏មកបន់ស្រន់ ព្រោះមានរានព្រះភូមិនៅជិតដើមពោធិ៍ដ៏ធំមួយដើមនៅក្បែរនោះដែរ ពិសេសគឺពេលភ្ញៀវទេសចរឆ្លងកាត់ទៅលេងកម្សាន្តនៅតាមកោះនានា តាមរយៈសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ។

លោកអភិបាលស្រុក លី មីនា បានបន្តថា ស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ដព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងការពារបូរណភាពទឹកដីនាភាគខាងជើងជាប់នឹងប្រទេសឡាវ ក្នុងនោះមានមុខ៤បែរមុខទៅកាន់ទិសធំៗទាំង៤ រំលេចនូវព្រះឆាយាលក្ខណ៍ក្នុងវេលាដែលព្រះអង្គឡើងគ្រងព្រះបរមសិរីរាជសម្បត្តិលើកទី១ ព្រះរាជសកម្មភាពនៃការបំពេញព្រះរាជបូជនីយកិច្ចកសាងហេដ្ឋារចនាសម្ពន្ធនៅបុរីអូរស្វាយនេះស្រាប់ ព្រះរាជសកម្មភាពកីឡាជាដើម។

លោកអភិបាលស្រុកទើបបង្កើតថ្មីមួយនេះបានបន្តទៀតថា ក្នុងពេលនោះ ព្រះបរមរតនកោដ្ឋមានគោលនយោបាយបែងចែកដីធ្លីជូនប្រជាជនដែលស្ម័គ្រចិត្តមករស់នៅលើតំបន់នោះ និងបានបង្កើតជាតំបន់និគមជន ឬទីប្រជុំជនធំមួយហៅថា «បុរីអូរស្វាយ» នេះឯង ក្នុងនោះព្រះអង្គបានរៀបចំកសាងប្រព័ន្ធហេដ្ឋរចនាសម្ពន្ធ ពិសេសគឺបានបង្កើតជា «សួនច្បារ» និងស្ដូបអនុស្សាវរីយ៍នេះផងដែរ។

ផែនទីនគរូបនីយកម្មនៃទីប្រជុំជននោះនៅមាននៅឡើយ ប៉ុន្តែដោយសារប្រទេសកម្ពុជាជួបបញ្ហាសង្គ្រាមចាប់ពីឆ្នាំ១៩៧០ ការកសាងទីប្រជុំជនដ៏សំខាន់នោះក៏ត្រូវអាក់ខាន។ សម័យព្រះបរមរតនកោដ្ឋ សួនច្បារនេះមានទំហំធំនៅមាត់ទន្លេមេគង្គ ប៉ុន្តែដោយសារដីបាក់អស់ខ្លះក៏នៅសល់តូចជាងមុន។ នេះបើតាមការបន្ថែមរបស់លោកអភិបាលស្រុក។

ប្រជាជន និងភ្ញៀវទេសចរពិតជាមានការចាប់អារម្មណ៍ច្រើនចំពោះស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះ ប៉ុន្តែទន្ទឹមនឹងនោះពួកគេក៏ចង់ឱ្យអាជ្ញាធរមូលដ្ឋាន ក្រសួង-ស្ថាប័នពាក់ព័ន្ធជួយរៀបចំកែលម្អបន្ថែមនៅទីតាំងស្ដូបអនុស្សាវរីយ៍ ក៏ដូចជាអតីតសួនច្បារសម័យព្រះបរមរតនកោដ្ឋ ខណៈបច្ចុប្បន្នទីនោះឃើញមានដើមទន្ទ្រានខេត្តដុះជុំវិញ ហើយមានគោក្របីឆ្លងកាត់ រួមទាំងសំរាមផ្លាស្ទិកខ្លះៗផងដែរ។

ត្រង់ចំណុចនេះ លោកអភិបាលស្រុកបានបញ្ជាក់ដែរថា ជារឿយៗអាជ្ញាធរឃុំ/ស្រុកតែងបានសម្អាតបរិស្ថាន រើសសំរាម ថែរក្សាសោភ័ណភាពដែរ ប៉ុន្តែចំពោះការកែលម្អលើកតម្លៃសោភ័ណភាពបន្ថែមនោះ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងព្រះបរមរាជវាំង។ លោកថា នៅឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានមកទស្សនកិច្ចនៅទីនេះ ដោយមានលើកអំពីគម្រោងកែលម្អសោភ័ណភាពសួនច្បារ និងស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះឱ្យកាន់ប្រសើរឡើងផងដែរ ប៉ុន្តែដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ១៩ ចាប់ពីពេលនោះមកក៏មិនទាន់អនុវត្តគម្រោងនេះបាន។

លោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យរំពឹងថា ការកែលម្អលើកតម្លៃសោភ័ណភាពសួនច្បារ និងស្ដូបអនុស្សាវរីយ៍បន្ថែមនេះនឹងចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ខណៈដែលរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យក៏កំពុងខិតខំកសាងអភិវឌ្ឍទីប្រជុំជនស្រុកជាបណ្ដើរៗផងដែរ។

សូមជម្រាបថា ស្រុកបុរីអូរស្វាយសែន ជាស្រុកទើបបង្កើតថ្មីនៅឆ្នាំ២០២២ ដោយបំបែកចេញពីស្រុកថាឡាបរិវ៉ាត់ (ធារាបវ៌្វត) នៃខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ (ខេត្តចម្ប៉ាស័ក) ប្រមាណជិត១០០គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ១០៩ដល់លេខ១៣៧ ពោលគឺចាប់ពីស្រុកឆែប ខេត្តព្រះវិហារ រហូតដល់ស្រុកសៀមប៉ាង ខេត្តរតនគិរី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online