ភ្លៀងកក់ខែមួយមេ លាយឡំជាមួយខ្សល់កន្ត្រាក់ បោកបក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន២៣ខ្នង រងការខូចខាតធ្ងន់ចំនួន០៨ខ្នងលើភូមិចំនួន០២ ក្នុងស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៦យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្លៀងកក់ខែមួយមេលាយឡំជាមួយខ្សល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០២ភូមិ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរងការខូចខាតសរុបចំនួន២៣ខ្នង ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖ នេះគឺជាភ្លៀងកក់ខែដំបូង លាយឡំជាមួយនិងខ្សល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងទៅលើភូមិចំនួន០២ គឺភូមិអភិវឌ្ឍន៍និងភូមិសន្តិភាព ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បង្កឲ្យប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ សរុបចំនួន២៣ខ្នង ក្នុងនោះ ធ្ងន់ចំនួន០៨ខ្នង និងដំណាំហូបផ្លែមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហនៈនោះឡើយ ។
លោកមេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ថា ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានចាត់តាំងកម្លាំងអន្តរាគមន៍របស់វរៈចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះជួយរៀបចំនិងប្រមូលស័ង្កសី ឈើ ដែលហើរប៉ើងតាមខ្សល់ជូនប្រជាពលរដ្ឋនិងជួសជុលផ្ទះជូនគាត់វិញ ៕