ភ្លៀងធ្លាក់ខ្លាំងលាយឡំ និងខ្សល់កន្ត្រាក់ មានផ្គររន្ទះ ប៉ះពាល់ដល់ស្រុកចំនួនពីរពីរ និងបណ្តាលឱ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់ស្រាល៤នាក់

សៀមរាប: តាមរបាយការណ៍របស់លេខាធិការដ្ឋាន គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងកាលពីយប់ថ្ងៃទី២៨ ខែមេសានេះថា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានឧបទ្ទវហេតុគ្រោះធម្មជាតិ កើតឡើង ដោយភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់ និងមានផ្គររន្ទះ បណ្តាលឱ្យប៉ះពាល់ស្រុកពីរ គឺ ស្រុកស្វាយលើ និងស្រុកពួក ខេត្តសៀមរាប ធ្វើឱ្យស្លាប់ មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់, របួសស្រាល ៣នាក់ និងរលំផ្ទះ ១ខ្នងនៅស្រុកពួក។ របាយការណ៍ ដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ហេតុការណ៍កើតឡើង មាននៅដូចខាងក្រោម÷

១- ស្រុកស្វាយលើ មានភ្លៀងផ្គររន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់។ ក្នុងនោះមានករណីរន្ទះបាញ់ កើតឡើងនៅចំណុចវត្តចាស់ ភូមិតាពេញ ឃ្នងភ្នំ បណ្តាលឱ្យស្លាប់មនុស្ស ១នាក់ ស្រ្តី និងរងរបួសស្រាល ៣នាក់ ស្រ្តី។ តាមការបញ្ជាក់ពីលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើថា ស្រ្តីរងគ្រោះទាំង ៤នាក់នោះមិនមែនជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានស្រុកនេះទេ គឺពួកគាត់មកពីក្រុងសៀមរាប និងស្រុកផ្សេង ក្នុងបំណងមកវត្តចាស់ ប៉ុន្តែលោកអភិបាលស្រុក មិនដឹង និងមិនបានបញ្ជាក់អត្តសញ្ញាណអ្នកទាំងនោះឱ្យបានច្បាស់លាស់នោះឡើយ។ ចំណែកទី២- ស្រុកពួក លោក ស៊ិន ចាន់ថុល អភិបាលស្រុកនេះ បានឱ្យដឹងដែរថា ក្នុងពេលមានភ្លៀងផ្គររន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់នោះ ធ្វើឱ្យ÷

– រលំផ្ទះ១ខ្នង រាបដល់ដី ផ្ទះទំហំ ៥m ×៦m សង់ពីឈើ មានជើងតម្កល់ ដំបូលប្រក់ស័ង្កសី និងជញ្ជាំងស្លឹក នៅភូមិដូនកែវ ឃុំដូនកែវ។

– មានករណីរន្ទះបាញ់ បណ្ដាលឱ្យរបួសធ្ងន់ ១នាក់ ជាបុរស( របាយការណ៍គ្រោះមហន្តរាយ)។ ករណីនៅស្រុកពួក នេះដែរ បើតាមលោក សុិន ចាន់ថុល អភិបាលស្រុក បញ្ជាក់ថា ជាបុរសម្នាក់របួសធ្ងន់ ដែលថារន្ទះបាញ់នោះ តាមការពិត គឺបណ្តាលមកពីខ្សែភ្លើងឆក់ទេ មិនមែនរន្ទះបាញ់ឡើយ គាត់ឈ្មោះ ដាំ អឿង អាយុ ៦២ឆ្នាំ មុខរបរកសិករ នៅភូមិច្រនៀង ឃុំព្រៃជូក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online