ភ្លៀងមួយមេលាយឡំជាមួយខ្សល់កន្ត្រាក់ បង្កខូចខាតលំឋានប្រជាពលរដ្ឋ ចំនួន១៣៨ខ្នង និងរបួសមនុស្ស០៦នាក់នៅស្រុកចំនួន០៣ ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានលំឋានប្រជាពលរដ្ឋ ចំនួន១៣៨ខ្នង រងនូវការខូចខាតធ្ងន់ ស្រាល និងមនុស្សស្រី ចំនួន០៦នាក់ បានរងរបួសស្រាល ក្នុងហេតុការណ៍ភ្លៀងលាយឡំជាមួយខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២ លើស្រុកចំនួន០៣ គឺស្រុកភ្នំស្រុក ថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានលំនៅឋានប្រជាពលរដ្ឋ នៅភូមិតេជោសន្តិភាព (២២២២) ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយខ្សល់កន្ត្រាក់ ចំនួន១០៥ខ្នង ក្នុងនោះខូចខាតធ្ងន់ ចំនួន៣៩ខ្នង (ធ្វើអំពីឈើ ចំនួន១៧ខ្នង និងដែក ចំនួន២២ខ្នង) និងសាលារៀន០១ខ្នង បង្កឲ្យមនុស្សស្រី ចំនួន០៦នាក់ រងបួសស្រាល។ ស្រុកថ្មពួក ខូចខាតលំនៅឋានប្រជាពលរដ្ឋ ចំនួន២៥ខ្នង ក្នុយនោះខូចខាតធ្ងន់ ចំនួន០៣ខ្នង នៅក្នុងភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកស្វាយចេក ចំនួន០៨ខ្នង ខូចខាតស្រាលនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កងកម្លាំងនគរបាល នៃស្រុកទាំង០៣ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយរុះរើរៀបចំ និងជួសជុលលំនៅឋានប្រជាពលរដ្ឋឡើងវិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online