មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍
វិធីពន្យារកំណើតសម្រាប់បុរស និងនារីត្រូវបែងចែកជា ៣ ជម្រើស ដោយមធ្យោបាយទាំងនោះសុទ្ធតែមានប្រសិទ្ធភាព មិនថាមធ្យោបាយពន្យារកំណើតរយៈពេលខ្លី ឬវែង។ ខាងក្រោមនេះជាគឺវិធីពន្យារកំណើតទាំងជាង ១០ ប្រភេទ ដោយបែងចែកជា ៣ ដែលណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
១- វិធីពន្យារកំណើតរយៈពេលខ្លី : វិធីពន្យារកំណើតក្នុងរយៈពេលខ្លីមានដូចជា ស្រោមអនាម័យបុរស/នារី ថ្នាំលេប ( ១បន្ទះ២៨គ្រាប់ មានប្រសិទ្ធភាពបាន១ខែ) ថ្នាំ ៧២ ម៉ោង ថ្នាំចាក់ ( ១ម្ជុលមានប្រសិទ្ធភាពបាន៣ខែ) កៅអៀកបិទ ( ១បន្ទះបិទបាន ១ សប្ដាហ៍)។
២- វិធីពន្យារកំណើតរយៈពេលវែង : រីឯមធ្យោបាយពន្យារកំណើតដែលមានរយៈពេលវែងវិញ មានដូចជា កងដាក់ក្នុងស្បូន (គ្មានជាតិអ័រម៉ូនមានប្រសិទ្ធភាព ១០ ឆ្នាំ) កងដាក់ក្រោមស្បែក ( មានប្រសិទ្ធភាព ៣ ឆ្នាំ សម្រាប់កង ១ ដើម និងមានប្រសិទ្ធភាព ៥ ឆ្នាំ សម្រាប់កង ២ ដើម)។
៣- វិធីពន្យារកំណើតអចិន្ត្រៃយ៍ : ចំណែកមធ្យោបាយពន្យារកំណើតអចិន្ត្រៃយ៍ មានការចងដៃស្បូន (បញ្ឈប់កំណើតជាអចិន្ត្រៃយ៍) ចងបំពង់បង្ហូរមេជីវិតបុរស (បញ្ឈប់កំណើតជាអចិន្ត្រៃយ៍)។ ប៉ុន្តែវីធីសាស្រ្តនេះត្រូវមានការសម្រេចចិត្តឲ្យច្បាស់លាស់ និងពិភ្សាជាមួយគ្រូពេទ្យឲ្យបានល្អិតល្អន់។
បើនិយាយពីវិធីសាស្ត្រពន្យារកំណើតតាមបែបធម្មជាតិ លោកវេជ្ជបណ្ឌិតថា ភាគរយបរាជ័យខ្ពស់ខ្លាំងណាស់ ដូចជា ការចាក់ទឹកក្រៅពាង តមការរួមភេទតាមវដ្ដរដូវស្ត្រី វិធីបំបៅដោះកូនតែមួយមុខ។ ដូចនេះហើយប្រសិនបើចង់ពន្យារកំណើតត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីឲ្យអ្នកជំនាញណែនាំពីជម្រើសដែលស័ក្ដិសមវ័យ និងសុខភាពយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
By: Bonny From: “Hello គ្រូពេទ្យ”