មនុស្សម្នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស ព្រមទាំងខូចខាតផ្ទះជិត ៤០ខ្នង ដោយសារគ្រោះធម្មជាតិ នៅក្នុងស្រុកចំនួន៣ ក្នុងខេត្តសៀមរាប
តាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ មានករណីភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កើតឡើងនៅបណ្តា ភូមិសាស្ត្រស្រុកចំនួន៣ ក្នុងខេត្តសៀមរាប បណ្តាលឱ្យមានផលប៉ះពាល់ និងការខូចខាតផ្ទះសរុប ចំនួន ៣៧ខ្នង របួសមនុស្សចំនួន ៣នាក់ និងស្លាប់កុមារា ១នាក់ ក្នុងនោះមាន ៖
១. ស្រុកសូទ្រនិគម ៖ នៅឃុំដំដែក រលំផ្ទះចំនួន ១ខ្នង និង របួសស្រាលស្ត្រីចំនួន ១នាក់ , ឃុំសំរោង របើកដំបូល-សំយាបផ្ទះចំនួន ៥ខ្នង , របើកដំបូលរោងចំនួន១ខ្នង , រលំផ្ទះបាយចំនួន ១ខ្នង , រលំស្លាកគណៈបក្សចំនួន ១ និង បាក់បង្គោលអគ្គិសនី ១ដើម ។
២. ស្រុកពួក៖ នៅឃុំព្រៃជ្រូក ខូចខាតផ្ទះចំនួន ២ខ្នង និង របើកដំបូល ៣ខ្នង ។
៣. ស្រុកស្វាយលើ ៖ នៅឃុំកន្ទួត រលំផ្ទះទាំងស្រុងចំនួន ៤ខ្នង , រប៊ើកដំបូល-សំយាបផ្ទះចំនួន ២២ខ្នង , របួសធ្ងន់ស្ត្រីចំនួន ២នាក់ និងស្លាប់កុមារា អាយុ ៥ឆ្នាំ ចំនួន១នាក់ , របើកដំបូលអនុវិទ្យាល័យខ្នារក្រៅចំនួន ១ខ្នង , របើកដំបូលមណ្ឌលសុខភាព ចំនួន១ខ្នង ,រលំកញ្ចុះប៉ុស្តិ៍នគបាលរដ្ឋបាលកន្ទួត ចំនួន ១ និងរលំស្លាកគណបក្សចំនួន ២ ។
បច្ចុប្បន្ន លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កំពុងបន្តត្រៀមលក្ខណៈ ដើម្បីតាមដាន និងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ៕