មនុស្ស៣នាក់ស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ បន្តទៅបុករថយន្តមួយទៀត នៅក្រុងកែប

សមត្ថកិច្ចក្រុងកែបបានអោយដឹងថាយ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់ ប៉ះទង្គិចជាមួយម៉ូតូ នៅក្រុងកែប ខេត្តកែប ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ នៅចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធន:តេលា ខាងកើតសេះស ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ ព្រៃធំ ក្រុងកែប ខេត្តកែប ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកនីសាន់ ពណ៌ស ស្លាកលេខ ង.៥២១៩ ភព២ បើកបរដោយឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពត ធ្វើដំណើរពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1K8476 ស៊េរីឆ្នាំ២០១៦ អ្នកបើកបរឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ៅ ញ៉េប ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត ។ បន្ទាប់ពីបុកម៉ូតូរួចបានបន្តជ្រុលទៅបុករថយន្ត១គ្រឿងទៀតធ្វើដំណើរមកពីទិសខាងលិច ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌ទឹកប៊ិកចាស់ ស្លាកលេខភ្នំពេញ 3A-2718 (អ្នកបើកបររត់ចោលរថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ)។

ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យអ្នកបើកបររថយន្តម៉ាកនីសាន់ស្លាប់ និង អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ២នាក់បានស្លាប់ផងដែរ ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យទានតាមប្រពៃណី ។ ម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីដោះស្រាយតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online