មនុស្ស ៥នាក់ បានលង់ទឹក ក្នុងនោះ ៣នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលានៅ ក្រុងកំពង់ចាម

ក្រុងកំពង់ចាម: មនុស្ស ០៣នាក់ បានជួយសង្គ្រោះទាន់ពេលវេលា ខណៈដែលមនុស្ស ០២នាក់ ទៀត បានបាត់ខ្លួននៅឡើយ នៅក្នុងករណីមនុស្ស ៥នាក់ បានលង់ទឹក ដែលកើតឡើង នៅមុខវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ហេតុការណ៍ ដ៏អាក្រក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់មនុស្សទូទៅ នៅវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ។
តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ឲ្យដឹងថា ក្នុងចំណោមមនុស្ស ០២នាក់ ដែលបានបាត់ខ្លួននោះ មានក្មេងស្រីម្នាក់ និងមនុស្សប្រុសវ័យចំណាស់អាយុប្រមាណជា ៣០ឆ្នាំ ម្នាក់ ។ ប្រភពបញ្ជាក់ដែរថា នៅពេលកើតហេតុ គេឃើញមានមនុស្សវ័យចំណាស់អាយុជាង ៣០ឆ្នាំ ម្នាក់ និងក្មេងប្រុសស្រី ៤នាក់ បាននាំគ្នាទៅងូតទឹកទន្លេ លេងក្បែរមាត់ច្រាំង ត្រង់ចំណុចកើតហេតុ ។ លុះរំលងបានប្រមាណជា ២០នាទី ក្រោយមក ក៏បានលង់ទឹក ហើយស្រែកឆោឡោរកគេជួយ ។ ភ្លាមៗនោះ បុរសវ័យចំណាស់នោះ បានហែលទៅជួយក្មេងប្រុសម្នាក់ តែដោយដោយឃើញក្មេងស្រីម្នាក់ទៀតបានលង់ ខ្លួនក៏បានហែលទៅជួយជាបន្តទៀត ស្រាប់តែបាត់ខ្លួនទាំង ២នាក់ តែម្ដង ។ ដោយឡែក ជាភព្វសំណាង ក្មេងប្រុស ៣នាក់ ទៀត ត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរ ចុះទៅជួយ និងបានសង្គ្រោះទាន់ពេលវេលា ៕