មនុស្ស ៣ នាក់ស្លាប់ និង ៩ នាក់រងរបួស នៅក្នុងអគាររលំនៅតំបន់កាស្មៀរ
ក្រុងញូវដេលី៖ ប៉ូលិសបាននិយាយថា អ្នកពន្លត់អគ្គិភ័យយ៉ាងតិច ៣ នាក់បានស្លាប់ និង ៩ នាក់ផ្សេងទៀត នៅក្នុងនោះមានជនស៊ីវិល ៤ នាក់បានរងរបួសកាលពីថ្ងៃពុធ ក្រោយពីអគារមួយបានរលំ បន្ទាប់ពីឧប្បត្តិហេតុភ្លើងឆេះមួយនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេស ឥណ្ឌា។
អគាររលំនោះស្ថិតនៅក្នុងតំបន់តាឡាប ទីលូ នៃក្រុងចាមម៉ូ ជារដ្ឋធានីនៃតំបន់កាស្មៀរដែលត្រូវបានគ្រប់គ្រងដោយប្រទេស ឥណ្ឌា។
មន្ត្រីប៉ូលិសដែលគ្រប់គ្រងតំបន់ចាមម៉ូបាននិយាយថា៖ «អ្នកពន្លត់អគ្គិភ័យ ៣ នាក់ បានស្លាប់ និង ៥ នាក់ផ្សេងទៀត បានរងរបួសក្រោយពីពួកគេបានចូលទៅក្នុងនោះ ដើម្បីពន្លត់ភ្លើងនៅជាន់ទី ៣»។ «ក្រៅពីនេះ ជនស៊ីវិល ៤ នាក់រងរបួសក្នុងឧប្បត្តិហេតុនេះ»។
យោងតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា អ្នករងរបួសទាំងនោះ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យនៃមហាវិទ្យាល័យពេទ្យរដ្ឋនៅក្នុងតំបន់ចាមម៉ូ។
មន្ត្រីសេវាពន្លត់អគ្គិភ័យម្នាក់បាននិយាយថា៖ «នៅព្រឹកថ្ងៃពុធ យើងបានទទួលទូរស័ព្ទអំពីភ្លើងឆេះអគារមួយ។ ខណៈដែលបុគ្គលិករបស់យើង បានចូលទៅក្នុងអគារ ដើម្បីជួយសង្គ្រោះអ្នកជាប់នៅក្នុងអគារហើយពន្លត់ភ្លើង វាបានរលំដោយធ្វើឲ្យបុគ្គលិករបស់យើងជាប់នៅក្នុងនោះដែរ»។
ប៉ូលិសបាននិយាយថា កិច្ចប្រតិបត្តិការជួយសង្គ្រោះត្រូវបញ្ចប់ និងអ្នកដែលជាប់នៅក្នុងអគារនោះ ត្រូវគេសង្គ្រោះទាំងអស់៕
អត្ថបទ៖ https://www.postkhmer.com/