មន្ត្រីយោធាម្នាក់​បាញ់បងថ្លៃ៣គ្រាប់ ក្រោយចូលឃាត់​ក្នុងទំនាស់គ្រួសារ

រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រី​យោធា​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់​បងថ្លៃ​ចំនួន​៣​គ្រាប់​ បណ្តាល​អោយ​រង​របួសធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​​បញ្ជូន​ទៅសង្គ្រោះ​នៅ​​មន្ទីរពេទ្យ​កាល់​មែ​ត ដោយសារ​តែ​ខឹងជនរងគ្រោះ​​ចូល​ឃាត់​ ​ក្នុង​​ទំនាស់​​ប្តីប្រពន្ធ​ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​T១៤ ផ្លូវ​បេតុង ក្រុម​ទី​១ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

​ជន​រង​គ្រោះ​ឈ្មោះ ប៊​ន តុលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​កន្លែង​កើតហេតុ រង​របួស​៣​គ្រាប់​ត្រូវ​ដៃ ត្រគាក​ខាងឆ្វេង និង​ខ្នង​ ។ ​ចំណែក​ជន​បង្ករ​ឈ្មោះ រស់ សូ​ឌី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ជា​មន្ត្រី​យោធា​ថ្នាក់​អនុសេនីយ៍ឯក បាន​គេចខ្លួន​បាត់​។

តាមប្រភព​​ព័ត៌មាន​​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មន្ត្រី​យោធា​រូប​នោះ​មាន​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ តែ​គេ​ពុំ​ដឹង​ថា មាន​ទំនាស់​រឿង​អ្វី​នោះ​ទេ ។​ បន្ទាប់​ពី​មាន​ទំនាស់​គ្នា ជន​រង​គ្រោះ​ដែល​ជា​បងថ្លៃ​(​បងប្រុស​បង្កើត​របស់​ប្រពន្ធ​ជន​ដៃដល់​)​ ក៏បានចូល​​ទៅ​ឃាត់​ ហើយ​​ប្អូនថ្លៃ​ខឹង​ក៏​​ដក​កាំភ្លើងខ្លី​បាញ់​ចំនួន​៣​គ្រាប់ បណ្តាល​អោយ​ត្រូវ​ទាំង​៣​គ្រាប់ រង​របួសធ្ងន់​ ចំណែក​​ជន​ដៃដល់​បាន​រត់​គេចខ្លួន​បាត់​។

តាមប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា ​ភ្លាម​ៗនោះ​ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​មែ​ត​ដើម្បី​សង្គ្រោះ ។ ​បន្ទាប់​ពី​ផ្ទុះអាវុធ​ នគរបាល​​ក៏បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដោយសារ​តែ​ជនបង្ក​ជា​មន្ត្រី​យោធា ក៏​បាន​ប្រគល់​ករណីនេះ​អោយ​កងរាជអាវុធហត្ថ​ខណ្ឌ​ជា​អ្នក​ស្រាវជ្រាវ ​ដើម្បី​ឃាត់ខ្លួន​ជន​​បង្កយក​មក​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទ៖  https://kohsantepheapdaily.com.kh/