មន្រ្តីជំនាញបន្តរកឃើញវត្តមានសត្វកម្រជាច្រើនប្រភេទនៅក្នុងតំបន់ជួរភ្នំក្រវាញ 

មន្រ្តីជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២ បានបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ជួរភ្នំក្រវាញប្រទេសកម្ពុជា។ នៅក្នុងពេលចុះពិនិត្យនិងសិក្សាទីតាំងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួនជាង ៥០គ្រឿង នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ក្រុមជំនាញក្រសួងបរិស្ថាន បានប្រទះឃើញ ដានជើង លាមក គន្លងសត្វព្រៃដូចជា៖ ដំរីអាស៊ី ខ្ទីង ប្រើស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត។

ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិដើម្បីចាំថតសត្វព្រៃនេះ គាំទ្រដោយគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដល់មន្ត្រីឧទ្យានុរក្ស ក៏ដូចជាធ្វើការសិក្សាពីប្រភេទ ទីជម្រកសត្វព្រៃមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះ ព្រមទាំងរបាយនិងភាពសម្បូរបែបនៃប្រភេទសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា។ ជាមួយគ្នានេះ ការចុះសិក្សា និងដាក់ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ជាកម្មវត្ថុនៃការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលឲ្យមានប្រសិទ្ធភាពថែមទៀតផងដែរ។

បន្ថែមលើនេះទៀត ក្រុមការងារ បានសិក្សានិងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិសរុបចំនួន ៥៣គ្រឿង ក្នុង៥២ទីតាំងសិក្សា (Deployment) ក្នុងនោះភូមិសាស្ត្រខេត្តពោធិ៍សាត់ចំនួន ២០គ្រឿង ខេត្តកោះកុង ២៣គ្រឿង និងខេត្តកំពង់ស្ពឺចំនួន ១០គ្រឿង។ សូមបញ្ជាក់ផងដែរថា ម៉ាស៊ីនថតស្វ័យប្រវត្តិទាំង ៥៣គ្រឿង នេះគ្រោងនឹងប្រមូលត្រលប់មកវិញ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ថា រយៈពេលចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស រួមជាមួយប្រភេទថនិកសត្វ និងបក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា គាំទ្រដោយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានពីធនាគារពិភពលោក ដែលបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ គម្រោងនេះចែកជា ៥ សមាសភាគ៖ ១) ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២) ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ៣) ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ៤) ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង ៥) ការឆ្លើយតបទៅនឹងគ្រោះអាសន្ន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online