មន្រ្តីជំនាញ ក.ប.ប. ខេត្តកំពតបានបន្តរកឃើញ និងរឹបអូសបង្គាមានចាក់បញ្ចូលសារធាតុចាហួយប្រមាណ ១តោនជាង
(ខេត្តកំពត)៖ នាយប់រំលងអាធ្រាតថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពតបានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត។
គោលបំណងគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។ លទ្ធផលគឺមន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាមដែលមានសារធាតុ CMC (ចាហ៊ួយ) គីមីហាមឃាត់។ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ៕