មន្រ្តី ក.ប.ប ចុះស្រាវជ្រាវករណីសង្ស័យពុលស្រានៅរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន០៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះដល់កន្លែងកើតហេតុ និងបានរកឃើញនិងយកគំរូស្រាដែលជនរងគ្រោះបានបរិភោគសល់ យកមកវិភាគនៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល។ យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បាន បង្ហាញឱ្យឃើញថា៖ ក្នុងចំណោមគំរូស្រាចំនួន០៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន០៣គំរូមានវត្តមានសារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុតសម្រាប់អ្នកបរិភោគ។

បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។

ជាមួយគ្នានេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង ចំនួន ៤៨យួរ (មួយយួរ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។ មន្រ្តីជំនាញនឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីតាំងចែកចាយនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក។

សូមអំពាវនាវដល់អាជីវករទាំងអស់សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូនអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online