មានដឹងអត់ ថាប្រទេសយើងមានពន្ធថ្មីហើយនឹងចាប់ផ្តើមអនុវត្តចាប់ពី ខែមករា ឆ្នាំ២០២១ តទៅ

នោះគឺពន្ធលើចំណេញមូលធន។ តើអ្នកត្រូវបង់ពន្ធនេះឬអត់ ហើយបង់ពេលណា?

ដំបូងសូមបញ្ជាក់ថា ពន្ធនេះមិនមែនជាប្រភេទពន្ធថ្មីស្រឡាងនោះទេ។ នៅប្រទេសដទៃក៏មានពន្ធនេះដែរ ប៉ុន្តែកម្ពុជាយើងទើបតែមានច្បាប់ដាក់ឱ្យមានពន្ធនេះ នៅក្នុងប្រកាសលេខ ៣៤៦ សហវ ប្រក អនុម័តឱ្យប្រើប្រាស់កាលពីខែមេសា ២០២០។

ពន្ធលើចំណេញមូលធន មានវិសាលភាពចំពោះអ្នកជាប់ពន្ធដែលមានចំណេញមូលធន។
ពន្ធលើចំណេញមូលធន មានអត្រា២០% នៃចំណេញមូលធន។ ចំណេញមូលធនគឺ ផលចំណេញ ដែលបានមកពី ការលក់ ឬផ្ទេរ ឬបង្កើតឱ្យមានកម្មសិទ្ធិលើមូលធន ដូចជា អចលនទ្រព្យ ភតិសន្យា (lease) ទ្រព្យវិនិយោគ កេរ្ដិ៍ឈ្មោះអាជីរកម្ម (Goodwill) កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។

ចំណេញមូលធន អាចគណនាបាន ដោយយកថ្លៃលក់នៃទ្រព្យ ដកថ្លៃដើម និងចំណាយដែលពាក់ព័ន្ធអនុញ្ញាតឱ្យកាត់កងបាន។
ថ្លៃលក់នៃទ្រព្យ ត្រូវគិតតាមតម្លៃលក់ជាក់ស្តែងតាមឯកសារទិញលក់ ឬ ក្នុងករណីតម្លៃលក់ជាក់ស្តែងទាបជាងតម្លៃទីផ្សារ ថ្លៃលក់ត្រូវគិតតាមតម្លៃទីផ្សារដែលកំណត់ដោយរដ្ឋបាលសារពើរពន្ធ។

ចំណាយដែលអាចកាត់កងបានមានដូចជា ចំណាយការប្រាក់ដែលបានបង់ ពន្ធប្រថាប់ត្រា សុរិយោដី កម្រៃជើងសារ សេវាកម្មប្រឹក្សាយោបល់ សេវាកម្មវាយតម្លៃ ចំណាយថែទាំ ជួសជុល និងចំណាយផ្សេងៗទៀតដែលអាចកាត់កងបានតាមលក្ខខណ្ឌរបស់ប្រកាសនេះ។

ថ្លៃដើម និងចំណាយផ្សេងៗដែលកាត់កងបាន ត្រូវមានឯកសារត្រឹមត្រូវគ្រប់គ្រាន់ជាភស្ដុតាង។

ប៉ុន្តែ ចំពោះអចលនទ្រព្យ មានជម្រើសក្នុងការគណនាចំណាយមួយទៀត (មិនចាំបាច់មានឯកសារ) គឺ ថ្លៃដើម និងចំណាយដែលកាត់កងបាន ត្រូវគិតស្មើនឹង ៨០%នៃថ្លៃលក់នៃទ្រព្យ (បើគិតឲ្យស្រួល ពន្ធលើចំណេញមូលធន ដែលត្រូវបង់គឺ ២០% * ២០% = ៤% នៃថ្លៃលក់)។

ឧទាហរណ៍៖​
កញ្ញាលក់ផ្ទះល្វែងមួយតម្លៃ $១០០,០០០។ ២ឆ្នាំមុនគាត់ទិញអស់$៧០,០០០ ហើយចំណាយលើពន្ធប្រថាប់ត្រា $២,៨០០ និងចំណាយកម្រៃជើងផ្សារអស់ $២,១០០។
ករណីនេះជាអចលនទ្រព្យ អញ្ចឹងជម្រើសក្នុងការគណនាចំណេញមូលធនមាន២៖

ជម្រើសទី១៖ វិធីកាត់កងចំណាយតាមជាក់ស្តែង
ចំណេញមូលធន = ថ្លៃលក់នៃទ្រព្យ − ថ្លៃដើម − ចំណាយលើពន្ធប្រថាប់ត្រា − ចំណាយកម្រៃជើងផ្សារ
= $១០០,០០០ − $៧០,០០០ − $២,៨០០ − $២,១០០ = $២៥,១០០

ពន្ធលើចំណេញមូលធន = $២៥,១០០ * ២០% = $៥,២០០

ជម្រើសទី២៖ វិធីកាត់កងចំណាយតាមកំណត់
ចំណេញមូលធន = $១០០,០០០ * ២០% = $២០,០០០

ពន្ធលើចំណេញមូលធន = $២០,០០០ * ២០% = $៤,០០០

ក្នុងឧទាហរណ៍នេះកញ្ញាគួររើសយកជម្រើសទី២ ព្រោះបង់តិចជាង។

បើករណីអ្នកចំណេញតិចជាង ២០% គណនាតាមជម្រើសទី១ បង់តិចជាងតែត្រូវមានឯកសារចំណាយថ្លៃដើមត្រឹមត្រូវ។ បើមិនមានឯកសារបញ្ជាក់ថ្លៃដើមទេ ត្រូវគិតតាមជម្រើសទី២ដោយស្វ័យប្រវត្តិ។

ចំពោះករណីអនុគ្រោះពន្ធគឺសម្រាប់ការលក់ ឬផ្ទេរ៖​

  • ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ
  • ទ្រព្យដែលជាកម្មសិទ្ធិរបស់បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ
  • និវាសដ្ឋាន (ផ្ទះ) ដែលកាន់កាប់ក្នុងរយៈពេលយ៉ាងតិច ៥ឆ្នាំមុនពេលលក់ឬផ្ទេរ (បានតែផ្ទះមួយប៉ុណ្ណោះ)
  • អចលនទ្រព្យក្នុងរង្វង់ញាតិ
  • ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ។

ប្រភព៖​ facebook