ភ្ញៀវទេសចរណ៍ជាងមួយម៉ឺននាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ក្នុងថ្ងៃភ្ជុំបិណ្ឌនេះ

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ ដែលជាថ្ងៃភ្ជុំបិណ្ឌនោះ មានភ្ញៀវទេសចរណ៍ចំនួនជាង ១២.០០០ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបជាលក្ខណៈគ្រួសារ រួមមាន៖ ទៅទស្សនារមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ២.៨០០ នាក់ និង ទៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ចំនួនប្រមាណ ២.២០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ចំនួន ៩៦ នាក់ ។

របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងរយៈពេល២ថ្ងៃ នៃថ្ងៃភ្ជុំបិណ្ឌ គឺថ្ងៃទី០៥ និង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរណ៍ចំនួនជាង ១៩.០០០ នាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប រួមមាន៖ ទៅទស្សនារមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១២.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣.៧០០នាក់ និងទៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ចំនួនប្រមាណ ៣.៣០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួន ១៨២នាក់ ខណៈភ្ញៀវទេសចរជនជាតិខ្មែរមានប្រមាណ ២០ភាគរយ គឺអញ្ជើញមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ។

ដោយឡែក បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះដែរ មានភ្ញៀវទេសចរណ៍បានទិញបណ្ណចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ ចំនួន ៩៦សន្លឹក កើនឡើងជាង ១៨២ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ៤.១៤៧ដុល្លារអាមេរិក កើនឡើងជាង១៧៧ភាគរយ បើប្រៀបធៀបទៅនឹងថ្ងៃខែដូចគ្នានឹងឆ្នាំ២០២០ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online