មានលោកឧកញ៉ាម្នាក់ឈូសយកដីរដ្ឋ150ហិកតាទើបអ្នកស្រុកនាំគ្នាស្ទុះស្ទារក !

ខេត្តសៀមរាប ៖ លោកឃឹម ហ្វីណង់ អភិបាលស្រុក ពីរថ្ងៃមុននេះបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ ផ្អាកគម្រោងរីសត និងពុះដីឡូត៍លក់របស់ឧកញ៉ា មាស សត្យា ខណៈកំពុងដំណើរការដោយឈូសឆាយរំលោភបំពានលើដីគម្របព្រៃឈើរបស់រដ្ឋបានជាង១៥០ហិកតាដោយសុវត្ថិភាពទៅហើយ គ្មានការសុំច្បាប់អីបន្តិចសោះ ឈូសក្លាយជាដីវាលរហោស្ថានទៅហើយ ទើបម្ចាស់ស្រុកស្ទុះទៅបិទ ។ លោកបញ្ជាក់ថា ទីតាំងរីសតនិងពុះជាដីឡូត៍លក់របស់ឧកញ៉ា មាស សត្យា លើដីរដ្ឋ ស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រង់ចំណុចខាង លិច ឬក្រោយវត្ត
ប្រិយ៍ ប្រហែល៥០០ម៉ែត្រ ។


សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧកញ៉ាខាងលើបានដាក់ពង្រាយគ្រឿងចក្រប្រមាណជិត២០គ្រឿង មកធ្វើសកម្មភាពឈូសឆាយដីព្រៃយ៉ាងគគ្រឹកគគ្រេង ឡើងហុយដីសំពោង ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច ជាពិសេសខាងរដ្ឋបាលស្រុក ហាក់ធ្វើមិនដឹងរឿងអីសោះ ។ តំណាងប្រជាពលរដ្ឋក្នុងភូមិប្រិយ៍ បានលួចខ្សឹបប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា ដីព្រៃដែលលោកឧកញ៉ាកំពុងឈូសឆាយដីរបស់រដ្ឋនោះ កាលពីមុនមក មិនមានប្រជាជនណាម្នាក់ហ៊ាន ថ្លើមធំហ៊ានទៅកាប់គាស់ដើមឈើ ឬធ្វើស្រែចំការឡើយ សូម្បីពួកគាត់ដែលរស់នៅក្នុងភូមិ-ឃុំ ជាប់នឹងដីព្រៃរដ្ឋខាងលើនេះក៏ដោយ ព្រោះតំបន់នេះ ជាតំបន់ហាមឃាត់របស់រដ្ឋបាលព្រៃឈើ ។
តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មានអារម្មណ៍មិនសប្បាយចិត្ត ដោយលើកហេតុផលថា ក្នុងរយ:កាលកន្លងមកពួកគាត់ទទួលរងនូវការចាប់ចងពីសមត្ថកិច្ច រហូតដល់តុលាការ ដោយសារតែការកាប់ឆ្ការដីព្រៃតិចតួចយកមកធ្វើស្រែចំការដើម្បីយកមកចិញ្ចឹមជីវិត ព្រោះមិនដឹងថា ជាគម្របព្រៃឈើរបស់រដ្ឋឡើយ ។
តំណាងពលរដ្ឋបានបន្ថែមទៀតថា ចំពោះលោកឧកញ៉ា មាស សត្យា ហេតុអីបានមកដាក់គ្រឿងចក្រឈូសឆាយឡើងហុយសំពោងលាន់ឮយ៉ាងកក្រើកអីស្រួលម្ល៉េះមិន ឃើញមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ ណាម្នាក់ហ៊ានចេញមុខរារាំងលោកឧកញ៉ានោះដូចពួកគាត់ធ្លាប់រងគ្រោះទេ ? ព្រោះពួកខ្ញុំជាពលរដ្ឋ បានត្រឹមតែឆ្ងល់ប៉ុណ្ណោះ ចង់ ឱ្យស្ថាប័នច្បាប់អនុវត្តដោយកុំមើលម្ខាងជាពលរដ្ឋ ហើយម្ខាងជាឧកញ៉ាឱ្យសោះ ។ ចំណែកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានលើកឡើងតាមទូរស័ព្ទថា គម្រោងដីពុះឡូត៍នៅក្នុងស្រុកបន្ទាយស្រី គឺម៉ាង គ្មានច្បាប់ទាំងអស់ ។ ទោះបីម្ចាស់ពុះឡូត៍ហើយក៏ដោយ តែអាជ្ញាធរស្រុកមិនអាចកាត់ឈ្មោះឱ្យបាននោះឡើយ ព្រោះស្រុកបន្ទាយស្រី មានច្បាប់ត្រឹមត្រូវមិនចេះតែស៊ីញ៉េឱ្យធ្វើស្រេចតែចិត្តអ្នកណាទេ ។ លោកបានបញ្ជាក់ថា ចំពោះគម្រោងដីឡូត៍និងរីសតរបស់ឧកញ៉ា មាស សត្យា នោះមិនមានការសុំច្បាប់ពីអាជ្ញាធរស្រុកទេ ។ ប្រហែល លោកឧកញ៉ា សុំច្បាប់ទៅថ្នាក់លើក៏មិនដឹង ព្រោះខាងស្រុកមានសិទ្ធិអនុ ញ្ញាតច្បាប់ បានត្រឹមតែលើទំហំដី៥០០០ម៉ែត្រការ៉េប៉ុណ្ណោះ មិនអាចលើសពីនោះបានទេ ប្រសិនបើដីនេះមានលិខិតកាន់កាប់ យើងមិនអាចហាមឃាត់ការឈូសឆាយរៀបចំគម្រោងរបស់គេបានទេ ។ ប៉ុន្តែបើគេបោះបង្គោលពុះជាឡូត៍ដាក់ស្លាកលក់ ឬសាងសង់អ្វីមួយ ដោយគ្មានច្បាប់យើងត្រូវចុះទៅហាមឃាត់ជាបន្ទាន់ ។ ជុំវិញករណីខាងលើនេះដែរ លោកឧកញ៉ាមាស សត្យា បានប្រាប់តាមទូរសព្ទ័ថា ទីតាំងដីរបស់លោកកំពុងរត់ច្បាប់រៀបចំធ្វើចម្រោះទឹកស្អាតជាមុនសិន បន្ទាប់មកពេលមាន ច្បាប់ លោកធ្វើរីសត និងពុះជាឡូត៍លក់ ។ លោកបន្តថា ដីរបស់លោកមានលិខិតកាន់ កាប់ត្រឹម ត្រូវ ហើយចំពោះរឿងជាប់គម្របព្រៃឈើនោះ លោកមិនដែលដឹងទេ ព្រោះមិនមានជាប់អ្វីឡើយ ដូច្នេះលោកនៅតែបន្តធ្វើដដែល ។ ពលរដ្ឋក្នុងស្រុកបន្ទាយស្រីរំពឹងថា ទីតាំងដីដែលលោកឧកញ៉ា មាស សត្យា កំពុងឈូសឆាយអាចនិងផ្អាកសកម្មភាព ហើយអនុវត្តតាមផ្លូវច្បាប់ជាក់ជាមិនខាន ព្រោះមិនមែនដីឯកជនទេ គឺជាព្រៃរបស់រដ្ឋបាលព្រៃឈើកាន់កាប់ គ្មានបុគ្គលណាថ្លើម ពាសមេឃបានទេសម័យនេះ ។ មហាជនរង់ចាំមើលតើអាជ្ញាធរចាត់វិធានការមានប្រសិទ្ធភាពកម្រិតណាជាមួយឧកញ៉ារំលោភបំពានខាងលើនេះ៕










By: Bonny From: https://kohsantepheapdaily.com.kh