មិនគួរសោះ! ករណីថប់ដង្ហើមស្លាប់ក្នុងរូងដីដែលឆ្កែរកាយទុកកើតកូន

ខេត្តកណ្តាល: កេីតហេតុ ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ១៧.៣០នាទី នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះចំងាយ៣០ម៉ែត្រ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះលី វ៉ាត ភេទ ប្រុសអាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅៗភូមិដើមពោធិ៍ ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
តាមការសួរបំភ្លឺឈ្មោះ ស៊ុយ ហ៊ាន ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ របស់ជនរងគ្រោះ និងឈ្មោះ ស្រឿន ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ជាកូនប្រសារជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ពេលព្រឹកឆ្កែរបស់ជនរងគ្រោះ បានកាយរូងក្នុងដីខាង ក្រោយផ្ទះចំងាយពីផ្ទះប្រមាណ៣០ម៉ែត្រដើម្បីកើតកូន ។ លុះនៅវេលា ម៉ោងប្រមាណ១៧.៣០នាទីថ្ងៃខែឆ្នាំដដែល មេឃងងឹតរកភ្លៀងប្តីរបស់គាត់ដែលជាជនរងគ្រោះក្រោយពីហូបស្រាស្រវឹង គាត់ខ្លាចភ្លៀងមកលិចរូងដែលឆ្កែកូន គាត់បានកាន់ប៉ែលដើរទៅខាងក្រោយផ្ទះកន្លែងឆ្កែកូនតែម្នាក់ឯង មួយសន្ទុះក្រោយមកដោយគាត់ជាប្រពន្ធនិងកូនបាត់ជនរងគ្រោះជាប្តីនិងជាឪពុកយូរពេកក៏ដើរទៅមើលកន្លែងរូងដែលឆ្កែកូនលុះទៅដល់ឃើញជើងជនរងគ្រោះនៅខាងក្រៅរូងក្នុងដីត្រឹមជង្គង់ ក្បាលនៅខាងក្នុងរូង ក៏ស្រែកហៅពុំឮឆ្លើយតបរួចបានចាប់ទាញជើងជនរងគ្រោះចេញមកខាងក្រៅ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏មកហៅបង ប្អូនយកសាកសព ជនរងគ្រោះមកផ្ទះ រាយការណ៍ជូនអាជ្ញាធរ រាយការណ៍បន្តមកអធិការដ្ឋាន នគរបាលស្រុក ។ ក្រោយពីទទួលបានព័ត៌មានផ្នែកជំនាញ បាន ចុះទៅដល់កន្លែងកើតហេតុ ដោយសហការ ជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ ក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ ពិនិត្យ សាកសព ។ ការពិនិត្យសាកសពមាន
នៅលើទ្រូងក្រោមដោះខាងស្តាំ មានស្នាមរលាត សើរស្បែក ក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ឡើយ ។ ការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ផ្នែកជំនាញជនរងគ្រោះ ស្លាប់ដោយថប់ដង្ហើមនៅក្នុងរូងដី ពុំមានពាក់ព័ន្ធ ករណីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសព បានប្រគល់ជូន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។